(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពី ការផ្ដល់តាវកាលិក (ការផ្តល់ឲ្យគ្នាទៅវិញទៅមក) ផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីរាជការ និងផ្នែកថែទាំសុខភាពដល់មន្រ្តីរាជការ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន ដើម្បីពន្លឿនតាមតម្រូវការរបស់មន្រ្តីរាជការទូទាំងប្រទេស។
លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានបញ្ជាក់ថា អនុក្រឹត្យខាងលើនេះ មានគោលបំណងកំណត់ «លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្ដល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងតាវកាលិកផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន»។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀត ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលប្រជុំ ប.ស.ស។
លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ផ្នែកហានិហាភ័យការងារនេះ រួមមាន៖
១៖ ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្ដាលមកពីហានិភ័យការងារ តាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត ទោះដោយសម្រាក ឬមិនសម្រាកនៅក្នុងមន្ទីរពេទ្យក្ដី រហូតដល់ជាសះស្បើយ, ២៖ ការផ្ដល់សេវាសង្គ្រោះបន្ទាន់, ៣៖ ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល, ៤៖ការផ្ដល់សេវាស្ដារនីតិសម្បទា មានជាអាទ៍ ការផ្គត់ផ្គង់ ការថែទាំ ឬជួសជុលឧបករណ៍អវៈយវៈ ឬសរីរាង្គសិប្បនិម្មិត ឬការកែទម្រង់រាងកាយដែលតម្រូវដោយគ្រូពេទ្យផ្លូវការ ការសម្របសម្រួលមុខងារ ឬការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈឡើងវិញ និង ៥៖ ការផ្ដល់សេវាដឹកសព ឬបញ្ជូនជនរងគ្រោះពេលសង្គ្រោះបន្ទាន់។
លោក អ៊ុក សមវិទ្យា បានបន្ថែមទៀតថា ចំណែកសេវាថែទាំសុខភាព មានដូចជា ការផ្ដល់សេវាព្យាបាលដោយសម្រាកនៅក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលដោយស្អំ និងព្យាបាលដោយចលនា សេវាសម្រាលកូន សេវាព្យាបាលថែទាំមុន និងក្រោយសម្រាលកូន និងសេវាស្ដារនីតិសម្បទា។
សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះកុរណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យស្ដីពី «ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ មន្រ្តីចូលនិវត្តន៍ និងអតីតយុទ្ធជន» ដែលគ្រប់គ្រងដោយបេឡាជាតិរបបសន្តិសុខសង្គម។
លោក អ៊ុក សមវិទ្យា បានបញ្ជាក់ទៀតថា ដើម្បីទទួលបានតាវកាលិកហានិភ័យការងារ ជនរងគ្រោះដែលមានចែងក្នុងមាត្រា៣ នៃព្រះរាជក្រឹត្យខាងលើ ត្រូវជូនដំណឹងជាបន្ទាន់ទៅក្រសួង-ស្ថាប័ន ឬអង្គភាពសាមី អំពីគ្រោះថ្នាក់ដែលបានកើតឡើងចំពោះខ្លួន៕