(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជំងឺគ្រុនចាញ់ឆ្នាំ២០១៦ បានថយចុះ៥៤% ដោយករណីឈឺមានចំនួន ២៣,៣៦៧ករណី ស្លាប់ម្នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ករណីឈឺ៥៦,២៧៤ ស្លាប់១០នាក់។
លទ្ធផលនៃការធ្លាក់ចុះនេះ សម្រេចបានតាមការជំរុញរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើការបង្កើតអភិក្រម ផែនការការងារលម្អិតឆ្នាំ២០១៦-២០២០ (Malaria Elimination Framework ២០១៦-២០២០ ហៅកាត់ថា MEAF) ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែមករាឆ្នាំ២០១៦កន្លងទៅនេះ ក្នុងទិិសដៅ៥ឆ្នាំឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅតិចជាងមួយនាក់ ក្នុងចំណោមប្រជាជន១០០០នាក់ និងគ្មានករណីស្លាប់។
បន្ទាប់ពីអនុវត្ដយុទ្ធសាស្រ្ដជាតិ លុបបំបាត់ជំងឺគ្រុនចាញ់មក គឺករណីជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ បានថយចុះគួរឲ្យគត់សម្គាល់ពី ១១២,០៥៧ករណីឈឺ និងស្លាប់៩៣នាក់ ក្នុងឆ្នាំ២០១១ មក៥៦,២៧៤ ករណីឈឺ(ស្លាប់១០នាក់) ក្នុងឆ្នាំ២០១៥ និងថយចុះមកត្រឹម២៣,៣៦៧ករណីឈឺ (ស្លាប់១នាក់) ក្នុងឆ្នាំ២០១៦ អត្រាអាំងស៊ីដង់គឺ ១.៥១ករណីឈឺ ក្នុងចំណោមមនុស្ស១,០០០នាក់ និងអត្រាស្លាប់ប្រចាំឆ្នាំគឺ០.០១ ក្នុងចំណោម ១០០,០០០នាក់។
ព័ត៌មានលម្អិតសូមអានសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖