(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរ ចំនួន៣៦នាក់ ឱ្យត្រឡប់មកកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខ បន្ទាប់ពីរដ្ឋាភិបាល នៃប្រទេសមហាអំណាចមួយនេះរកឃើញថា ពលរដ្ឋខ្មែរទាំងនោះ នៅតែបន្តប្រព្រឹត្តល្មើសដោយមិនរាងចាល ទោះបីអនុវត្តទោសហើយក៏ដោយ។ នេះបើតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ បានឱ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ពលរដ្ឋខ្មែរទាំង៣៦នាក់នោះ មិនទាន់មានសញ្ជាតិអាមេរិកទេ។ ពួកគេធ្លាប់ប្រព្រឹត្តល្មើស ហើយក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររួចហើយ ក៏ប៉ុន្តែពួកគេនៅបន្តមានបទល្មើសដដែលៗទៀត ទើបរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនមកកម្ពុជាតែម្តង។
លោកថ្លែងឱ្យដឹងថា «សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរ៤៦នាក់ ត្រឡប់មកកម្ពុជា ប៉ុន្តែនៅពេលដែលយើងជួបសម្ភាសន៍ផ្ទាល់ មានតែ៣៦នាក់ទេ ដែលជាជនជាតិខ្មែរ ក្រៅពីនោះ១០នាក់ទៀត គឺជាជនជាតិឡាវ និងជនជាតិដទៃទៀត»។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណាដែលប្រព្រឹត្តល្មើស ឱ្យត្រឡប់មកមាតុភូមិវិញ។ រហូតដល់ពេលនេះ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជូនពលរដ្ឋខ្មែរជាង៥០០នាក់ហើយ ឱ្យត្រឡប់មកប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា នៅពេលដែលបញ្ជូនមកដល់ប្រទេសកម្ពុជា ពលរដ្ឋទាំងនោះ នឹងត្រូវរាជរដ្ឋាភិបាលបញ្ជូនទៅឱ្យជួបជុំ គ្រួសាររបស់គេ នៅកម្ពុជា ហើយបើសិនជាអ្នកមិនមានគ្រួសារ ពួកគេនឹងត្រូវបានជួយដោយអង្គការមួយនៅកម្ពុជាផងដែរ៕