(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចោទថា Facebook Like សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ។
លោក សំរិទ្ធ សុផល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានយល់ថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមត្រឹមត្រូវ ហើយប្រសិនបើមេធាវីមិនសុខចិត្តអាចប្តឹងសារទុក្ខទៅតុលាការកំពូលបាន។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ ចំពោះលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចំនួន១០លានរៀល និងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook Like សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬក្លែងបន្លំ។ តុលាការក៏បានបង្គាប់ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះ ជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយចំនួន៣ថ្ងៃផងដែរ។
លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ លោក សម រង្ស៊ី មិនមែនមានតែសំណុំរឿងនេះមួយទេ ពោលគឺតុលាការកំពុងដំណើរការក្តីជាច្រើនទៀត ដែលបានចោទប្រកាន់លោក សម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ៕