(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដែលជាអ្នកដឹកនាំប្រតិបត្តិការផ្ទាល់លើបញ្ហាដោះមីន បានថ្លែងគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្នើឲ្យរដ្ឋាភិបាលអាមេរិក លោក ដូណាល់ត្រាំ លុបបំណុលដែលកម្ពុជា ជំពាក់អាមេរិកក្នុងរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ លន់ នល់ ហើយថា អាមេរិកមិនគួរទុកបំណុលនេះ ដើម្បីដាក់គំនាបនយោបាយ លើរាជរដ្ឋាភិបាលកម្ពុជានោះទេ។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា បានថ្លែងថា ការទាមទារឲ្យអាមេរិកលុបបំណុលនេះ គឺជារឿងសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជា គួរជំរុញឲ្យមានក្រុមការងារ ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិក លើការលុបបំណុលនេះ។
លោកថ្លែងថា «ការងារលុបបំណុលនេះ នៅតែសំខាន់ ហើយខ្ញុំយល់ថា រាជរដ្ឋាភិបាលគួរជំរុញក្រុមការងារ ដើម្បីពិភាក្សាជាមួយ សហរដ្ឋអាមេរិកលើករណី លុបបំណុលនេះ។ យើងទាមទារយកករណីលុបបំណុលនេះ មកដាក់លើតុពិភាក្សារកដំណោះស្រាយជាផ្លូវការ និងសុំភាគីអាមេរិក មិនគួរទុកបំណុលនេះ ជាអាវុធគំនាបខាងនយោបាយ លើរាជរដ្ឋាភិបាលនោះទេ!»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈនេះ បានថ្លែងបន្តស្នើជាថ្មីទៀតដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ត្រាំ ឲ្យលុបបំណុលពីកម្ពុជា ដែលបានជំពាក់នៅសម័យរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកទម្លាក់គ្រាប់បែក សម្លាប់ខ្មែរហើយ ទារលុយថែមទៀត។
ការថ្លែងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ័ណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជា ក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖