(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីណែនាំបន្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួន។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាទៅលើការដាក់ស្លាកសញ្ញា «គ្រឹះស្ថានឯកជន» ចំពោះគ្រប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ សំដៅជៀសវាងការភ័ន្តច្រឡំថា «គ្រឹះស្ថានទាំងនោះជារបស់រដ្ឋ»។
ជាលទ្ធផលទទួលបាន អង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានសម្រេចការពិភាក្សាមួយចំនួន រួមមាន៖ ១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅលើស្លាកយីហោរបស់ខ្លួន, ២. ដាក់បង្ហាញនូវស្លាកសញ្ញា «គ្រឹះស្ថានឯកជន» នៅទីតាំងសមស្របក្នុង ស្នាក់ការរបស់ខ្លួន ដែលអតិថិជនងាយមើលឃើញ, ៣. អប់រំអតិថិជនរបស់ខ្លួនឲ្យយល់ច្បាស់ពីវប្បធម៌ឥណទាន និងថាជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋឡើយ។
សូមជំរាបថា នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខុសរឿងខ្ចីបំណុល ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចបានជំរុញឱ្យពលរដ្ឋ ចៀសវាងការខ្ចីបុលដើម្បីយកទៅបម្រើភាពហ៊ឺហា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឱ្យប្រុងប្រយ័ត្នចំពោះការខ្ចីបុល សម្រាប់យកទៅប្រើប្រាស់។ បើសិនជាយើងគ្មានសមត្ថភាពសងទេ កុំខ្ចីគេ។ អ្នកខ្លះខ្ចីគេយកទៅធ្វើម៉ូតូជិះលេង ដល់ទៅអត់មានសមត្ថភាពសង ការប្រាក់វាស្មើនឹងដើម ចាប់ផ្តើមចេញមករឹបអូសដីធ្លី ផ្ទះ ហើយចេះតែមកចោទរាជរដ្ឋាភិបាល»។
ទន្ទឹមគ្នានឹងការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាមានការយោគយល់ខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពសងបំណុល ហើយត្រូវពន្យារពេល ឬបន្ថយការប្រាក់ នៅពេលដែលពួកគេអស់លទ្ធភាព៕