(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកកំពុងធ្វើសំណើជូនសម្តេចតេជោ ហ៊ុន សែន សុំបង្កើតទីស្នាក់ការត្រួតពិនិត្យគុណភាពទំនិញនៅតាមព្រំដែន ដើម្បីទប់ស្កាត់លំហូរទំនិញគ្មានគុណភាព។
ប្រជាពលរដ្ឋខ្មែរជាច្រើនតែងបានលើកឡើងទំនិញពីបណ្តាប្រទេសជិតខាងក្នុងនោះរួមទាំងបន្លែផ្លែឈើ និង ត្រី សាច់ ផងដែរ បានហូរចូលប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យ ដែលមិនត្រឹមធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះទេ តែលំហូរទំនិញទាំងនោះ បានសម្លាប់ទីផ្សារកសិផល ត្រី សាច់ របស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង។
លោក វេង សាខុន បានគូសបញ្ជាក់ថា ប្រសិនបើមានទីស្នាក់ការត្រួតពិនិត្យគុណភាពទំនិញនៅតាមព្រំដែន ហើយការត្រួតពិនិត្យបានតឹងរឹងនោះ នឹងជួយទប់ស្កាត់លំហូរទំនិញពីប្រទេសជិតខាង។ លើសពីនេះទៀត ការទប់ស្កាត់ទំនិញពីខាងក្រៅបានខ្ពស់ នឹងជួយលើកទឹកចិត្តដល់ការដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមត្រី មាន់ទារ ជ្រូក របស់ប្រជាពលរដ្ឋខ្មែរផងដែរ៕