(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានបញ្ជាក់ឲ្យដឹងថា ពិធីបើក «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» គឺធ្វើឡើងដើម្បីពិនិត្យលើដំណើរការបណ្តុះបណ្តាល ប្រៀបធៀបជាមួយកម្មវិធីបណ្តុះបណ្តាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខទទួលសំណូមពរ និងលើកទឹកចិត្តឲ្យប្អូនៗប្រឹងប្រែងរៀនសូត្រក្នុងន័យជំរុញឲ្យមានការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ ទទួលបានមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យល់ដឹងពីវិជ្ជាជីវៈនគរបាលកម្រិតបឋមមានចំណេះដឹង មានការប្រតិបត្តិច្បាប់ គោរពវិន័យ និងក្រមសីលធម៌ និងគោរពសិទ្ធមនុស្សមុននឹងត្រូវបានតែងតាំង ក្នុងក្របខណ្ឌ មន្រ្តីនគរបាលជាតិកម្ពុជា។
ឧត្តមសេនីយ៍ឯក ឯក មនោសែន បានលើកឡើងបែបនេះ ខណៈលោក បានដឹកនាំគណៈប្រតិភូ សំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយកនគរបាលរង «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» ចំនួន១៧០នាក់ ជានារីចំនួន៣៦នាក់ មកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលានគរបាលជាតិភូមិភាគ២។
ក្នុងកម្មវិធីនោះដែរ ឧត្តមសេនីយ៍ឯក ឯក មនោសែន បានផ្តល់អនុសាសន៍មួយចំនួន ដល់សិស្ស នាយនគរបាល នាយនគរបាលរងគ្រប់រូប ត្រូវ យកចិត្តទុកដាក់រៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្ត នូវសកម្មភាពខុសច្បាប់នានា ត្រូវគោរពឲ្យបានដាច់ខាតនូវសកម្មភាពខុសច្បាប់នានា គោរពនូវបទបញ្ញត្តិ ដែលមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះ មិនមែនរៀនឲ្យចប់» «គុណភាពមិនអាចសម្របសម្រួលបានឡើយ»។
បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក ឯក មនោសែនបានឲ្យដឹងថា ពេលត្រលប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន៕