(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាញអស់ទាំងស្រុងនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យប៉ុលពត។ ប៉ុន្តែក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំង វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍន៍ និងរីកចម្រើនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំកសាងឡើងវិញនូវទីអារាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសម័យសង្គមរាស្រ្តព្រះបរមរតនកោដ្ឋ បានផ្តល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋគោរព ប្រណិបតន៍សាសនា តែក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទីអារាម បានក្លាយទៅជាបន្ទាយទាហានរបស់ លន់ នល់ ហើយ ត្រូវបានរងខ្ទេចខ្ទីដោយសារទម្ងន់គ្រាប់បែក របស់អាមេរិក និងទាហានវៀតណាមខាងត្បូង។ ភាពខ្ទេចខ្ទាំងនេះត្រូវបានបំផ្លាញខ្ទេចខ្ទី នៅក្នុងរបបប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើ ឲ្យទីអារាមនានា ចងក្រងជាសៀវភៅស្តីពីប្រវត្តិវត្តនីមួយៗ ដើម្បីបានជាឯកសារសម្រាប់ប្រជាពុទ្ធបរិស័ទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេចចូលរួមនៅក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន «យើងដឹងថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាចអស់ទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត យើងបាន ប្រឹងប្រែងក្រោកឈរឡើង អភិវឌ្ឍប្រទេសឡើងវិញ ក្នុងហ្នឹងវិស័យព្រះពុទ្ធសាសនា ក៏ជាវិស័យដ៏សំខាន់មួយដែលបានរីកចំរើនផ្សារភ្ជាប់ជាមួយហ្នឹង ដំណើរការនៃវិស័យអាណាចក្រ និងពុទ្ធចក្រ យើងអាច និយាយបានមួយផ្នែកថា ទាំងផ្នែកការគ្រប់គ្រងរដ្ឋ ក៏ដូចជាវិស័យសាសនា និងវិស័យដទៃទៀត ត្រូវបានការពារនិងរីកចំរើន ជាបន្តបន្ទាប់»។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរំដោះប្រទេសចេញរបប ប៉ុលពតមិនត្រឹមតែរំដោះយក សាសនា សិទ្ធសេរីភាព ការរស់រៀនរបស់ប្រជាពលរដ្ឋនោះទេ គឺបានរំដោះទាំងប្រែតថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានប្រគេនបច្ច័យជាង៥ម៉ឺនដុល្លារអាមេរិក ដល់ព្រះចៅអធិការវត្ត ព្រែកប្រា ដើម្បីសងការជំពាក់សម្រាប់ការសាងសង់ សមិទ្ធផលនានានៅក្នុងវត្ត។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយសាងសង់សាលារៀនមួយខ្នង ៣ជាន់ ១៨បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ ដល់សាលារៀនព្រែកប្រា ដែលនៅជាប់របងវត្ត ព្រែកប្រា ផងដែរ៕