(រតនគិរី)៖ ផ្លូវឆ្ពោះទៅកាន់ព្រំដែនកន្ទុយនាគឈូសឆាយបានប្រវែង ២៧គីឡូម៉ែត្រហើយ លើប្រវែងសរុប ១៥៩គីឡូម៉ែត្រ។

គ្រាដែលការងារឈូសឆាយកំពុងដំណើរការនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយកទីចាត់ការការពារព្រំដែន និង លោក ថង សាវុន អភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះទៅពិនិត្យការងារឈូសឆាយ។

សូមបញ្ជាក់ថា បច្ចុប្បន្នបើចង់ទៅតំបន់ព្រំដែន​កន្ទុយនាគ ដែលជាតំបន់ព្រំដែនរួមគ្នា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម គេមិនអាចទៅដល់នោះទេ គឺត្រូវធ្វើដំណើរ​តាមប្រទេសវៀតណាម។ តែទោះជាយ៉ាងណាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងបើកការឈូសឆាយផ្លូវ នេះហើយ ហើយរំពឹងថា នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។

បើតាមមន្រ្តីការឈូសឆាយផ្លូវទៅកាន់តំបន់កន្ទុយនាគជួបការលំបាកខ្លាំង ព្រោះមានការឆ្លងកាត់ភ្នំច្រើន។ ផ្លូវនេះក្រោយពីសាងសង់រួច រាល់នឹងជួយសម្រួលដល់​ការធ្វើដំណើរទៅកាន់ព្រំដែន ហើយក៏ជួយសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នោះផងដែរ៕