(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយ បញ្ចប់ទំនាស់កេរដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ រវាងភាគី(ក)អ៊ុក សុភាព ជាកូន និងភាគី(ខ)ថាំង យ៉ង់ ជាម្តាយ ទៅតាមសំណូមពរដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
ក្នុងកិច្ចដោះស្រាយទំនាស់កេរដីធ្លីខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំបឹងខ្នារ ដែលស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លីខាងលើនេះ លោក ម៉ៅ ធនិន បានប្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់កេរដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។ បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ព្រមទាំងឲ្យជំនាញរៀបចំប្លង់កម្មសិទ្ធិជូនផងដែរ។
អភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងម្តាយនិងកូន រវាងបងនិងប្អូន រវាងជីដូននិងចៅៗ គឺមានជារៀងរហូត មិនអាចកាត់ដាច់បានទេ»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្ត គឺលោកបានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជិត១៣០ករណីមកហើយ ដោយដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ ដោយភាគី(ខ)ថាំង យ៉ង់ ជាម្តាយ ទទួលបានដីទំហំ ១០x២៧,៨០ម៉ែត្រ ហើយនៅសល់ប៉ុន្មានរៀបប័ណ្ណកម្មសិទ្ធិឲ្យភាគី(ក)អ៊ុក សុភាព ជាកូន និងរក្សាទុកផ្លូវមួយសម្រាប់ចេញចូល។ ជាមួយគ្នានោះ លោកក៏បានបន្តដោះស្រាយទំនាស់ដីធ្លី រវាងភាគី(ក)នួន ស៊ីណាត និងភាគី(ខ)នង ស៊ង នៅសាលាឃុំដដែល ព្រមទាំងចុះទៅពិនិត្យផ្ទាល់លើដីទំនាស់ របស់ភាគី(ក)អ៊ុក សុភាព ជាកូន និងភាគី(ខ)ថាំង យ៉ង់ ជាម្តាយផងដែរ។
បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕