(ភ្នំពេញ)៖ ករណីយុវតីម្នាក់ ដាច់ចិត្តលួចលុយថៅកែហាងលក់សាច់ឆ្កែ យីហោ «ស្រីពៅ៩៩» ចំនួន៣០ដុល្លារ ដើម្បីទុកធ្វើសាហ៊ុយត្រឡប់ទៅផ្ទះ នៅឯខេត្តកោះកុងវិញនោះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ខែ ប៉ុន្តែត្រូវព្យួរទាំងអស់ ព្រមទាំងបង្គាប់ឲ្យសងសំណងទៅដើមបណ្តឹងចំនួន១លាន ៥សែនរៀល។ ចំពោះករណីនេះឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចេញមកជួយ អន្តរាគមន៍ភ្លាមៗ តាំងពីថ្ងៃម្សិលមិញបន្ទាប់ពីអង្គភាព Fresh News បានចេញផ្សាយបន្តិចរហូតលោកឧបនាយករដ្ឋមន្រ្តី នឹងចេញសំណងជំនួសក្មេងស្រី រងគ្រោះផងដែរ។

មន្រ្តីតុលាការក្រុងភ្នំពេញបានរាយការណ៍ថា «នៅរសៀលថ្ងៃនេះ យុវតី​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​លួច​លុយ​ម្ចាស់​ហាង​លក់​សាច់​ពិសេស (សាច់ឆ្កែ) ចំនួន​៣០ដុល្លារ​នោះ ត្រូវ​បាន​លោក ​យិន​ សារឿន​ ចៅក្រម​ជំនុំជម្រះ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​កំណត់​រយៈពេល​៦ខែ​ ពី​បទ​លួច ​តែទោសនេះ​​ត្រូវ​ព្យួរ​ធម្មតា​ និង​តម្រូវ​ឲ្យ​សងសំណង​ទៅ​ដើម​បណ្ដឹង​ចំនួន​១លាន​ ៥សែន​រៀល​»

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីចេញផ្សាយព័ត៌មាន «យុវតីម្នាក់សុំថៅកែហាងលក់សាច់ឆ្កែឈប់ពី​ការងារ ហើយសុំបើក​ប្រាក់ខែមុន តែថៅកែ​មិនព្រម ក៏ដាច់ចិត្ត​លួចលុយ​៣០ដុល្លារ ត្រូវចាប់​ដាក់ខ្នោះបញ្ជូនឡើង​តុលាការ ព្រោះគ្មាន​លទ្ធភាព​សងលុយ​១ពាន់ដុល្លារតាមការទាមទាររបស់ថៅកែ» ត្រូវបានឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចេញមុខអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យយុវតីរូបនេះ ព្រោះវាជាទង្វើដែលមិនអាចទទួលយកបាន។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទូរស័ព្ទថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា «ខ្ញុំសុំចេញមុខទទួលខុសត្រូវ និងសងលុយលើរឿងនេះ វាយុត្តិធម៌ពេកហើយ ទោះបីត្រូវការមេធាវីការពារក្តីនៅតុលាការ ក៏ខ្ញុំត្រូវជួលមេធាវីឲ្យធ្វើដែរ ខ្ញុំស្អប់ខ្ពើមភាពអយុត្តិធម៌នេះណាស់»។

ជាមួយនោះដែរ ឧកញ៉ា ហ៊ុន ជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៧ ខែកុម្ភៈនេះថា «ករណីនេះសូមលោកអភិបាលខណ្ឌឫស្សីកែវ មេត្តាជួយត្រួតពិនិត្យ អំពីករណីប្អូនស្រីម្នាក់នេះ ឲ្យបានច្បាស់លាស់ផង ព្រោះខ្ញុំគិតថាប្អូនស្រី អាចមានបញ្ហាអ្វីមួយដូចជា ការគាបសង្កត់ ឬក៏ទុកធុរៈចាំបាច់ នៅក្នុងក្រុមគ្រួសារ ដែលធ្វើឲ្យប្អូនមិនអាចបន្តនៅធ្វើការក្នុងហាងនោះបានតទៅទៀត។ ហើយប្អូនស្រីក៏មិនបានលួចយកលុយរបស់ម្ចាស់ហាង យ៉ាងច្រើនសន្ធឹក សន្ធាប់នោះឡើយ គឺប្អូនស្រី បានយកត្រឹមតែ៣០ដុល្លារ សំរាប់ធ្វើជាសោហ៊ុយត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ ! ប្រសិនបើរឿងប្រាកដមែននោះ ខ្ញុំនឹងចេញលុយ សងទៅម្ចាស់ហាងវិញ រួមទាំងសំណងជំងឺចិត្តជំនួសប្អូនស្រីម្នាក់នេះ ដើម្បីបញ្ចប់បញ្ហា»

ហាងលក់សាច់ឆ្កែដែលមានថៅកែចិត្តឃោឃៅនេះមាន​យីហោ «ស្រីពៅ៩៩» ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ យុវតីដែលត្រូវសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ​ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានម្តាយជាប្រជាពលរដ្ឋក្រីក្រ។

ម្តាយយុវតីម្នាក់នេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ថា កូនស្រីរបស់គាត់បានចូលបម្រើការងារក្នុងហាងស្រីពៅ​៩៩ជិតមួយឆ្នាំ ហើយទើបមិនដែល មានបញ្ហាអីនោះទេ ទើបតែពេលនេះនាងក៏សម្រេចចិត្តសុំឈប់ពីការងារនេះ និងសុំថៅកែ​បើកប្រាក់ខែមុន តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ហើយក៏ដាច់ចិត្តលួចលុយចំនួន៣០ដុល្លារ គ្រាន់ទុកសម្រាប់ធ្វើជា​សាហ៊ុយទៅ​ស្រុកកំណើតវិញ។

បន្ទាប់ពីបានដឹងថា ខ្លួនបានបាត់ប្រាក់៣០ដុល្លារ ក៏ថៅកែហាងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ លុះនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ក៏តាមចាប់ខ្លួនបាន។

បន្ទាប់ពីឃាត់ខ្លួន យុវតីរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ហើយក្រុមគ្រួសារ បានធ្វើការទំនាក់ទំនងដោះស្រាយ តែខាងនគរបាលប៉ុស្តិ៍ តម្រូវឲ្យខាងក្រុមគ្រួសារបង់ថវិកាចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារ) ជូនទៅថៅកែហាងតាមការទាមទារ។ ដោយសារតែក្រុមគ្រួសាររបស់នាង ​ពុំមានលទ្ធភាពក្នុងការសងសំណងនេះ​ ខាងប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ក៏ចាប់បញ្ជួននាង​បន្តទៅអធិការខណ្ឌឬស្សីកែវ រហូតចាប់បញ្ជូនទៅតុលាការតែម្តង៕