(កណ្តាល)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយមន្ទីសាធារណការ និងដឹកជញ្ជូន បានបើកការស្ថាបនាស្ពានថ្មីមួយ មានឈ្មោះថា «ស្ពានព្រែកដើមលៀប» ភ្ជាប់ចរាចរពីសង្កាត់កំពង់សំណាញ់ ទៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានប្រវែង៦០ម៉ែត្រ ដោយចំណាយថវិកាអស់ចំនួន ២,៧៤៥,០០០,០០០រៀល។
ស្ពានមួយនេះត្រូវបានបើកការដ្ឋានស្ថាបនា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមានការចូលរួម លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកស្រី ចាន់ធី ជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកហូរ បាននិយាយថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ពេលឃើញមន្ទីរសាធារណការខេត្ត ប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពានខាងលើ ព្រោះស្ពាននេះមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ ក្នុងការឆ្លងកាត់បានឆាប់រហ័សទាន់ចិត្ត។
លោកស្រីបានបន្តថា កាលពីមុន ពួកគាត់ត្រូវការធ្វើដំណើរវាងឆ្ងាយទើបទៅក្រុងតាខ្មៅ។ ម្យ៉ាងវិញទៀត ក៏ជាការជួយកាត់បន្ថយចំណាយលើសាំង និងថ្លៃម៉ូតូឌុបផងដែរ ដូច្នេះការលក់ដូររបស់ពួកគាត់ អាចទទួលប្រាក់ចំណេញបានច្រើន ចំណែកកូនចៅពួកគាត់ទៅរៀនសូត្រក៏ទៅទាន់ម៉ោងរៀនដែរ។
លោក ម៉ឹង យូឡេង ស្ពានថ្មីមួយនេះមានឈ្មោះ «ស្ពានព្រែកដើមលៀប» បណ្តោយ៦០ម៉ែត្រ និងទទឹង១០ម៉ែត្រ សាងសង់ឡើងអំពីបេតុងអ៊ុតបេទីមកៅស៊ូ AC ភ្ជាប់ចរាចរពីផ្លូវលេខ២១១ ទៅផ្លូវលេខ២១៣ ឆ្លងកាត់ស្ទឹងព្រែកហូរ។
លោកប្រធានមន្ទីរបានបន្តថា «ការសាងសង់ស្ពានព្រែកដើមលៀបនេះ ចំណាយថវិកាអស់ ២,៧៤៥,០០០,០០០រៀល ហើយនឹងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០១៧ ខាងមុខ»។
លោកបន្ថែមថា បន្ទាប់ពីស្ថាបនាស្ពានព្រែកដើមលាបនេះរួច មន្ទីរសាធារណកាខេត្តកណ្តាល នឹងបន្តស្ថាបនាផ្លូវជាច្រើនខ្សែទៀត ក្នុងក្រុងតាខ្មៅ ដោយក្រាលកៅស៊ូ២ជាន់ ដើម្បីសម្រួលការធ្វើចរាចររបស់ប្រជាពលរដ្ឋ កាន់តែងាយស្រួលថែមទៀត៕