(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខុសរឿងខ្ចីបំណុល ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចបានជំរុញឱ្យពលរដ្ឋ ចៀសវាងការខ្ចីបុលដើម្បីយកទៅបម្រើភាពហ៊ឺហា។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឱ្យប្រុងប្រយ័ត្នចំពោះការខ្ចីបុល សម្រាប់យកទៅប្រើប្រាស់។ បើសិនជាយើងគ្មានសមត្ថភាពសងទេ កុំខ្ចីគេ។ អ្នកខ្លះខ្ចីគេយកទៅធ្វើម៉ូតូជិះលេង ដល់ទៅអត់មានសមត្ថភាពសង ការប្រាក់វាស្មើនឹងដើម ចាប់ផ្តើមចេញមករឹបអូសដីធ្លី ផ្ទះ ហើយចេះតែមកចោទរាជរដ្ឋាភិបាល»។
ទន្ទឹមគ្នានឹងការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មានការយោគយល់ខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពសងបំណុល ហើយត្រូវពន្យារពេល ឬបន្ថយការប្រាក់ នៅពេលដែលពួកគេអស់លទ្ធភាព៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖