(កណ្តាល)៖ លោក វ៉ិត ធារិទ្ធិ ប្រធានកសិដ្ឋានផលិតពូជត្រី៧មករា បានលើឲ្យដឹងថា កសិដ្ឋានរបស់លោក បានសហការជាមួយ ក្រុមហ៊ុនអិលប៊ីអិន ក្នុងការចិញ្ចឹមត្រី ផលិតពូជត្រី និងចិញ្ចឹមបង្កង ដោយមើលឃើញពីអត្ថប្រយោជន៍ច្រើន នៃការចិញ្ចឹមបង្កង។
លោកអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងវារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ឃុំរកាខ្ពស់ បានផ្តល់ពូជបង្កង ចំនួន៥ម៉ឺនក្បាល ដល់កសិដ្ឋានរបស់លោកដើម្បីសាកល្បង បង្កាត់ពូជនិងចិញ្ចឹម។ លោកបានបន្តថា ការចិញ្ចឹមបង្កងវាបានចំណេញច្រើន ជាង ចិញ្ចឹមត្រីព្រោះបង្កងមានទីផ្សារល្អ។
លោកបានបន្តថា «បច្ចុប្បន្នយើងនាំចូលមកពីប្រទេសជិតខាងមកបរិភោគ ដូច្នេះបើយើងអាចចិញ្ចឹម និងផលិតបានដោយខ្លួនឯង ក្នុងស្រុកគឺល្អ»។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមបង្កង សូមទំនាក់ទំនងក្រុមហ៊ុន និងផ្តល់ពូជបង្កងជូន»។
លោកបានបន្ថែមថា បង្កងនេះគឺបង្កាត់ពូជចេញមកពីបង្កងធម្មជាតិ ហើយយើងឲ្យចំណីរបៀបធម្មជាតិ ដូច្នេះសាច់បង្កងនេះ របៀបដូចបង្កងធម្មជាតិ ហើយពិសារទៅ គឺមិនបង្កឲ្យប៉ះពាល់សុខភាពនោះទេ។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ បើមានចំណាប់អារម្មណ៍សូមមកទំនាក់ទំនងខាងវិទ្យាស្ថានចុះទៅបង្រៀនដោយឥតគិតថ្លៃ។
លោក វ៉ិត ធារិទ្ធិ បានបន្ថែមថា កសិដ្ឋានលោកនិងក្រុមហ៊ុនអិលប៊ីអិនគ្រោងនិងអភិវឌ្ឍន៍តំបន់នេះឲ្យ ក្លាយទៅជាតំបន់ ទេសចរណ៍ និងគ្រោងបង្កើតរោងចក្រផលិត ត្រីងៀតទន្លេសាប គ្មានជាតិគីមីនាំចេញ ទៅក្រៅប្រទេស នៅពេលក្រុមលោក បង្កើតឡើងរួច គឺនិងតម្រូវការកម្មករជាច្រើនដូច្នេះ ធ្វើឲ្យកូនចៅ ប្រជាពលរដ្ឋក្នុងស្រុកស្អាងមានការងារធ្វើ អាចរកកំរ៉ៃទ្រទ្រង់ ជីវិភាពគ្រួសារឲ្យបានធូរធារមួយកំរិតផងដែរ៕