(ភ្នំពេញ)៖ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលបាញ់ទៅលើកម្មការិនី ៣នាក់ឱ្យរងរបួសនោះ បានចាកចេញពីពន្ធនាគារហើយ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះបន្ទាប់ពីអនុវត្តទោសរួចរាល់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ។
លោក ឈូក បណ្ឌិត ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទបាញ់ប្រហារទៅលើកម្មការិនី៣នាក់ ឱ្យរងរបួសដោយអចេតនា។ តុលាការក៏តម្រូវឲ្យអតីតអភិបាលក្រុងបាវិតរូបនេះ បង់ប្រាក់សំណង ទៅឲ្យជនរងគ្រោះទាំង៣នាក់សរុប ៣៨លានរៀលផងដែរ។
សូមបញ្ជាក់ថា លោក ឈូក បណ្ឌិត បានបាញ់ទៅលើកម្មការិនី៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគេធ្វើកូដកម្ម នៅរោងចក្រកៅវេ កាលពីខែកុម្ភៈ ឆ្នាំ២០១២។ ក្រោយបាញ់ប្រហារនេះ លោកបានរត់គេចខ្លួន រយៈពេល៣ឆ្នាំ។
កាលពីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លោក ឈូក បណ្ឌិត ដែលរត់គេចខ្លួនពីការតាមចាប់ របស់សមត្ថកិច្ចអស់ពេល៣ឆ្នាំនោះ បានប្រគល់ខ្លួនឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចបញ្ជូនភ្លាមៗបញ្ជូនទៅកាន់តុលាការតែម្តង៕