(ភ្នំពេញ)៖ ក្នុងចំណោមបណ្តឹងរបស់គណបក្សសង្រ្គោះជាតិចំនួន០២បណ្តឹង ដែលត្រូវបានលើកយកមកប្រជុំដោះស្រាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតលុបឈ្មោះ តូច សុផល ចេញពីបញ្ជី ឈ្មោះបោះឆ្នោត ព្រោះពិនិត្យឃើញថា ឈ្មោះនេះ មិនមានក្នុងបញ្ជីបោះឆ្នោតដំបូងក្នុងសង្កាត់អូរឫស្សីទី៤។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានលោក អ៉ឹម ឈុនលឹម ជាប្រធាននោះ លើកយកបណ្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះឆ្នោតថ្មី ដែលប្តឹងដោយគណបក្សសង្រ្គោះជាតិចំនួន០២បណ្តឹងយកមកពិភាក្សា និងដោះស្រាយ។
ក្នុងបណ្តឹងទាំង០២នេះ សុទ្ធតែត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល ប៉ុន្តែក៏បានសម្រេចដកឈ្មោះទ្រី ឆេងហុង និងឈ្មោះ មួន ដាណេ ចេញពីបញ្ជីនៃការិយាល័យលេខ០៣៨៤ ក្នុងសង្កាត់អូរឫស្សីទី៤ តាមសំណូមពររបស់ដើមបណ្ដឹងផងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់លោក ហ៊ីម ភាព និងលោកស្រី ទេព ច័ន្ទសុខខែយ៉ា ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិនោះ ពុំមានឯកសារឫភស្ដុតាងណាមួយ ដែលអាចឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបាននោះឡើយ។
លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាសេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាចទាំងអស់ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវការ ដោះស្រាយបណ្ដឹងរបស់គណបក្សសង្ក្រោះជាតិ ឲ្យលុបឈ្មោះជនបរទេសមួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ មកដល់ត្រឹមថ្ងៃទី០៨ ខែកុម្ភៈនេះ បណ្ដឹងចំនួន៨៩បណ្ដឹងហើយ ត្រូវបានដោះស្រាយ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតលុបឈ្មោះ៣នាក់ហើយ ចេញពីបញ្ជីឈ្មោះបោះឆ្នោតដែលរួមមាន៖ ឈ្មោះ អ៊ូ ចាន់ធី, ឈ្មោះ តូច សុផល និងឈ្មោះ គីម ស្រីមួយ ដោយសារមូលហេតុ ពិនិត្យឃើញថាឈ្មោះទាំងនេះ មិនមានក្នុងបញ្ជីបោះឆ្នោតដំបូង៕