(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យមន្រ្តីក្រសួងកសិកម្ម សហការជាមួយក្រុមហ៊ុនឯកជនសិក្សាដាក់បញ្ចូល និងបញ្ជ្រៀបការប្រើប្រាស់គ្រឿងចក្រ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗក្នុងវិស័យកសិកម្មរបស់ខ្មែរ ដើម្បីកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និង ដើម្បីបង្កើនទិន្នផលផងដែរ។
ការថ្លែងជំរុញបែបនេះបានធ្វើឡើងក្នុងពេលលោករដ្ឋមន្រ្តីអញ្ជើញត្រួតពិនិត្យកម្មវិធីដាក់ឲ្យអនុវត្តការប្រើប្រាស់ឧបករណ៍កសិកម្ម និងម៉ាស៊ីនកសិកម្ម ដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មនៅមជ្ឈមណ្ឌលវិស្វកម្មកសិកម្មក្បាលពោធិ៍ នៅក្នុងឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កម្មវិធីនាព្រឹកមិញ បានបង្ហាញពីបច្ចេកទេសប្រើប្រាស់គ្រឿងចក្រក្នុងវិស័យកសិកម្មដូចជាម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនភ្ជួររាស់ជាដើម។ លោក វេង សាខុន បានគូសបញ្ជាក់ថា ការបង្ហាញពីបច្ចេកទេសផ្សេងៗគ្នាលើការប្រើប្រាស់ឧបករណ៍កសិកម្ម និងគ្រឿងយន្តកសិកម្មក្នុងផលិតកម្មកសិកម្មនាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបកង្វះខាតកម្លាំងក្នុងផលិតកម្មកសិកម្ម ដែលអាចទទួលបានផលចំណេញច្រើន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោក វេង សាខុន បានឲ្យដឹងទៀតថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្នមានតម្លៃថ្លៃ ដូច្នេះការបញ្ចូលបច្ចេកទេសប្រើប្រាស់គ្រឿងចក្រទៅក្នុងវិស័យកសិកម្ម នឹងចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយក៏អាចបង្កើនទិន្នផលបានខ្ពស់ផងដែរ។
បើតាមលោក វេង សាខុន នៅក្នុងរដូវវស្សាកន្លងទៅនេះ ការប្រើប្រាស់គ្រឿងចក្រក្នុងវិស័យកសិកម្មមានប្រមាណ ៩៣ភាគរយ ហើយការប្រើប្រាស់គ្រឿងចក្រសម្រាប់ស្រូវរដូវប្រាំងនេះវិញមានរហូតដល់ទៅ ៩៧ភាគរយ។
ជាមួយនិងការចុះទៅពិនិត្យការដាក់ឲ្យអនុវត្តកម្មវិធីប្រើប្រាស់ឧបករណ៍កសិកម្ម និងម៉ាស៊ីនកសិកម្មនាព្រឹកមិញ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានអញ្ជើញទៅពិនិត្យចំការបន្លែចម្រុះរបស់សហគមន៍កសិករនៅភូមិត្រពាំងចក និងភូមិគល់គាំ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក វេង សាខុន បានបង្ហាញការសប្បាយចិត្ត ដោយសារឃើញប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកទេសខ្ពស់ក្នុងការដាំដុះបន្លែ ដោយមិនប្រើប្រាស់កម្លាំងពលរដ្ឋរែកទឹកស្រោចដូចពីមុនទៀតទេ គឺពួកគាត់ប្រើប្រាស់ប្រព័ន្ធទុយោទឹក ហើយបូមទឹកស្រោចស្រពបន្លែតែម្តង។
បើតាមប្រជាកសិករក្នុងសហគមន៍ បានគូសបញ្ជាក់ថា ក្នុងមួយថ្ងៃពួកគាត់អាចប្រមូលផលបន្លែបានរហូតដល់ទៅ១តោន ហើយក៏រកប្រាក់កម្រៃសម្រាប់ទ្រទ្រង់ជីវភាពបានមួយកម្រិតផងដែរ។
បើទោះបីជាយ៉ាងណា លោក វេង សាខុន បានណែនាំឲ្យប្រជាពលរដ្ឋកែច្នៃប្រើប្រាស់ថាមពលសូឡា ដើម្បីផ្គត់ផ្គង់ការស្រោចស្រពជំនួសការប្រើថាមពលអគ្គិសនី៕