(ជប៉ុន)៖​ ឆ្លៀតឱកាស​នៃ​ដំណើរ​ទស្សនកិច្ច ​​នៅ​ប្រទេសជប៉ុន ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមក្នុង​សិក្ខាសាលា​វិនិយោគ​ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ជប៉ុន-កម្ពុជា​ ប្រចាំប្រទេសជប៉ុន​ ដែល​មានការចូលរួម​ពី​ធុរជន​ និង​វិនិយោគិន​ធំ​ៗ ​របស់​ជប៉ុន​ប្រមាណជាង១៣០រូប​។

ក្នុងសិក្ខាសាលានោះ ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឆ្លើយ​នូវ​សំណួរនានា របស់វិយោគិន​ជប៉ុន​ដោយ​​សង្កត់​ធ្ងន់ថា ក្នុងឋានៈជាប្រទេសមួយ ក្នុងចំណោមប្រទេស ឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែល​មានកំណើនរឹងមាំក្នុងអត្រា​៧.៧% ក្នុង​រយៈពេល២​ទសវត្សរ៍កន្លងមកនេះ និង​ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី កម្ពុជា​ពិតជា​ផ្តល់នូវ​កាលានុវត្តភាព​ជាច្រើន ​ចំពោះ​វិនិយោគិន​ ពិសេសវិនិយោគិន​មកពី​ជប៉ុន។

នៅ​ក្នុង​សិក្ខាសាលា​នេះ លោក​ទេសរដ្ឋមន្រ្តី​ បានបង្ហាញ​ពីស្ថានភាព​បច្ចុប្បន្ន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ក៏ដូចជា​គោលនយោបាយ វិនិយោគ​របស់​កម្ពុជា​ ក៏ដូចជាវិស័យអាទិភាព​នានា ដែល​ជាសក្តានុពល​របស់​កម្ពុជាក្នុង​ការទាក់ទាញ​អ្ន​កវិនិយោគ​បរទេស​ ជាពិសេស​វិនិយោគិន​ពី​ប្រទេសជប៉ុន។

ក្នុង​ឱកាស​នោះ លោកទេសរដ្ឋមន្ត្រី​ បាន​លើកឡើង​ពី​វឌ្ឍនភាព​ និងគោលនយោបាយ​សំខាន់ៗ​ចំនួន​៦ចំណុច​ ដូចខាងក្រោម៖

១៖ ការបន្តខិតខំថែរក្សាស្ថេរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ច ​ឱ្យបានក្នុងរង្វង់៧% ក្នុងរយៈពេលមធ្យម និងវែង។
២៖ ការលើកកម្ពស់ការអភិវឌ្ឍវិស័យកម្មន្តសាល។
៣៖ ការបន្តអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
៤៖ ការបន្តសម្របសម្រួល និងផ្តល់ការលើកទឹកចិត្ត ដោយមានភាពប្រកួតប្រជែងបំផុត ក្នុងការទាក់ទាញវិនិយោគិន។
៥៖ ការបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការពង្រីក និងពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៦៖ ការបន្តពង្រីកយន្តការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ​និងវិស័យឯកជន។

បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រួចមក សហគ្រិនជប៉ុនមួយចំនួន បានចាប់អារម្មណ៍ ចំពោះឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងសន្យានឹងមកពិនិត្យស្ថានភាពជាក់ស្ដែង នៅពេលដ៏ខ្លីខាងមុខ។

សូមជម្រាបថា ឆ្លើយតបតាមការអញ្ជើញ របស់រាជរដ្ឋាភិបាលជប៉ុន នៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបន្តជម្រុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជា ប្រពៃណីរវាងកម្ពុជា និងជប៉ុន៕