(ភ្នំពេញ)៖ MV ថ្មីប្រភេទជាសាច់រឿង របស់កំពូលតារាចម្រៀង សំនៀងស្រទន់ បង្កប់ដោយមន្តស្នេហ៍ កញ្ញា សុខ ពិសី មានចំណងជើងថា បទ «អូនមិនល្អ ស្រឡាញ់អូនអត់» ដែលមានការចូលរួមសម្ដែង ជាមួយនឹងលោក ខេមរៈ សិរីមន្ត និងតារាល្បីៗមួយចំនួនទៀត ពេលបានទស្សនាឈុតឆាកដំបូងហើយ ពិតជារំជួលចិត្ត ព្រោះតែសាច់រឿងក្នុងបទនេះ មានសភាពប្រទាក់ក្រឡាគ្នា និយាយពីចំណងស្នេហា គួរឲ្យឈឺចាប់។
បទចម្រៀង មានចំណងជើងថា «អូនមិនល្អ ស្រឡាញ់អូនអត់» ជាប្រភេទបទចម្រៀង បែបយុវវ័យសម័យថ្មី ហើយបង្កើតជាចម្ងល់ថា តើខ្សែជីវិតរបស់ «វែនតា» នឹងទៅជាយ៉ាងណា បើស្នហារបស់គេ ជួបបញ្ហាច្រើនយ៉ាងនេះ? ក្នុងនោះក៏មានបង្ហាញពីឈុតឆាកដំបូង គួរឲ្យជក់ចិត្ត និងរំជួលចិត្ត ពេលទស្សនិកជន បានទស្សនា។
ក្នុងអាល់ប៊ុមមានឈ្មោះថា «ខ្សែជីវិតវែនតា» របស់ផលិតកម្ម សាន់ដេ មិនត្រឹមតែមានបទរំជួលចិត្ត «អូនមិនល្អ ស្រឡាញ់អូនអត់» ប៉ុណ្ណោះទេ ក្នុងនោះ ក៏មាននបទពីរោះរណ្ដំចិត្តមួយចំនួនទៀត រួមមានបទ «ខ្ញុំខ្លាចបាត់បង់អ្នកទើបខ្ញុំអត់ធន់, សូមកុំទៅចោលមនុស្សល្ងង់ម្នាក់នេះបានអត់?» និងបទ «ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់» ជាដើម។
អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្ត និងត្រៀមខ្លួនសប្បាយរីករាយ ទាំងអស់គ្នានោះ គឺនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំប្រចាំឆ្នាំ «Leo Beer Concert 2017» ទស្សនិកជន នឹងបានជួបជាមួយ តារាចម្រៀងល្បីៗដែលស្ថិតក្នុងដួងចិត្តអ្នក ដូចជា កញ្ញា មាស សុខសោភា,លោក ឆាយ វីរ:យុទ្ធ, កញ្ញា សុខ ពិសី, លោក ខាន់ ជែមស៍, កញ្ញា យូរី និងនាយ ចឺម ដែលកម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសាលាគរុកោសល្យ ក្នុងទីរួមខេត្តកំពង់ចាម ចាប់ពីម៉ោង៦ ល្ងាចតទៅ។ ក្នុងនោះក៏នឹងមានការផ្សាយផ្ទាល់ពិសេស តាមកពា្ចក់ទូរទស្សន៍ MyTV ផងដែរ៕