(ភ្នំពេញ)៖ លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ចាន់ ពុទ្ធិសក្តិ ជាសកម្មជនដីធ្លីសហគមន៍បឹងកក់ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សា លើសន្តិសុខសាលាខណ្ឌដូនពេញ ចំនួនពីរនាក់ ។
លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកទាំងពីរក្នុងនាមជាជនសង្ស័យ ដែលប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកែងផ្លូវ១៧៨ និងផ្លូវ១៩ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ស្របពេលនៃការសាកសួរនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ជិត១០០នាក់ បានប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើតុលាការរកយុត្តិធម៌ជូនមន្ត្រីលីកាដូនិងសកម្មជនដីធ្លីសហគមន៍បឹងកក់ ៕