(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសថៃនោះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា បច្ចុប្បន្ន ពលករ-ពលការិនីខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅថៃ មានចំនួន ១,០៦០,០០០នាក់។
លោក ហេង សួរ បានបន្តថា ក្នុងចំណោមពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ជាង១លាននាក់នោះ មានពលករប្រហែល ៣៦០,០០០នាក់ មិនទាន់មានឯកសារត្រឹមត្រូវនោះឡើយទេ។
លោក ហេង សួរ បានបញ្ជាក់ថា ក្រុមការងារតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏កំពុងសហការជាមួយក្រសួងការងារ នៃប្រទេសថៃ ដើម្បីផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះផងដែរ ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការ នៅប្រទេសថៃទាំងអស់គ្នា៕