(សៀមរាប)៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ ប្រចាំក្រុងសៀមរាប ដែលបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះទៅពិនិត្យសំណើសុំជួសជុលរបស់ប្រជាពលរដ្ឋ នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលបានការសុំធ្វើរបង ចាក់ដី ជួសជុលផ្ទះ និងធ្វើផ្ទះថ្មី ក្នុងតំបន់ការពារឧទ្យានអង្គរ។

ក្នុងនោះមាន៣ករណីបានអនុញ្ញាតជូនប្រជាពលរដ្ឋ ព្រោះជាសំណើស្រាល ឯ៣ករណីទៀត មិនអនុញ្ញាតឲ្យធ្វើនោះឡើយ ព្រោះសំណើនោះជាសំណង់ធំ គឺតម្រូវឱ្យម្ចាស់សំណើទៅដាក់ពាក្យ នៅច្រកចេញ-ចូលតែមួយ របស់អាជ្ញាធរជាតិអប្សរា។ លើសពីនោះទៀត ក្រុមការងារសហគមន៍ ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋ ដើម្បីយកមកជូនថ្នាក់លើដោះស្រាយ និងពិចារណាផងដែរ។

ក្រុមការងារលេខាធិការដ្ឋានសហគមន៍ បានដើរតួយ៉ាងសំខាន់ និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋ ក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសទទួល និងអនុញ្ញាតសំណើជួសជុល ឬសាងសង់ខ្នាតតូចនៅនឹងកន្លែង ដូចជា សង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។

លោក វ៉ន បូទី ប្រជាពលរដ្ឋដែលបានទទួលការអនុញ្ញាតឲ្យជួសជុលផ្ទះ ក្នុងមួយនៃសំណើខាងលើនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារឧទ្យានអង្គរ ដែលមានបំណងចង់ជួសជុលផ្ទះ ឬសាងសង់ផ្ទះថ្មី គឺត្រូវទៅដាក់ពាក្យ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឬជម្រាបទៅអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណើដាក់ទៅក្រុមសហគមន៍ ជាជាងការលួចធ្វើដោយខុសច្បាប់ ដែលនាំឱ្យខូចខាតទាំងសងខាង ហើយចំពោះការសុំច្បាប់នេះ ក៏មិនមានបង់សេវាកម្មអ្វីដែរ។

លោក ឃឹម ខុន សមាជិកក្រុមប្រឹក្សាសង្កាត់គោកចកបានប្រាប់ថា កន្លងមករាល់ការងារទាក់ទងនឹងសេវាកម្មផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ក្រុមការងារលោកតែងតែសហការជាមួយអាជ្ញាធរជាតិអប្សរា។ លោកក៏បានសម្តែងនូវសេចក្តីរីករាយ ចំពោះក្រុមការងារសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមការងារលោកកាន់តែងាយស្រួល ក្នុងការសំណូមពរ និងបំពេញការងារផ្សេងដោយមិនបាច់ធ្វើដំណើរទៅឆ្ងាយ។

លោក ឃឹម ខុន បានបញ្ជាក់ថា លោកនឹងបន្តការសហការការងារនេះឱ្យកាន់តែល្អ ដើម្បីថែរក្សាតំបន់ឧទ្យានអង្គរ ឱ្យមានរបៀបរៀបរយ ពិសេសគឺទប់ស្កាត់ការកើនឡើងនៃសំណង់ថ្មីៗ ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។

សូមបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជន ក្នុងតំបន់អង្គរដែលនៅឆ្ងាយ ពីមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចបង្កើតក្រុមការងារមួយ សម្រាប់ផ្តល់សេវានៅការិយាល័យច្រកចេញ-ចូលតែមួយ មាន២ទីតាំង ប្រចាំស្រុកពួកមួយ និងប្រចាំក្រុងសៀមរាបមួយ។

ក្រុមការងារនេះ មានតួនាទី ភារកិច្ចសហការជាមួយមន្ត្រីប្រចាំការ នៅច្រកចេញ-ចូលតែមួយ ដើម្បីពិគ្រោះយោបល់លើការស្នើសុំសេវាសាធារណៈ របស់ប្រជាជនពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ ការផ្តល់ទម្រង់ពាក្យស្នើសុំ និងទទួលពាក្យស្នើសុំ បញ្ជូនឯកសារមកមជ្ឈមណ្ឌលសេវាកម្ម អាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យ និងជូនថ្នាក់ដឹកនាំសម្រេច ព្រមទាំងធ្វើរបាយការណ៍ជូនអភិបាលក្រុង-ស្រុក នៃច្រកចេញ-ចូលតែមួយ និងជូនមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា៕