(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកប្រតិបត្តិការចាប់ខ្លួន មេក្លោងជួញដូរ និងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ នៅខេត្តជាប់ព្រំដែន ដែលជនល្មើសមានផ្ទះសំណាក់ និងដីរាប់ហិកតា។
ប្រតិប្តិការចាប់ខ្លួន មេក្លោងគ្រឿងញៀនម្នាក់នេះ បានធ្វើឡើងស្ថិតនៅចំងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ដោយរឹបអូសជាក់ស្តែង រួមមាន៖ ថ្នាំប្រភេទ WY ចំនួន១២ដុំ ស្នើនឹងជិត២៤០០០ពាន់គ្រាប់ ស្មើ២គីឡូក្រាម រថយន្ត Vigo ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-3149 និងកាំភ្លើងខ្លី១ដើម។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» ដែលដឹកនាំការបង្ក្រាបករណីគ្រឿងញៀននេះ បានបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងនគរបាល របស់លោកធ្វើការតាមដាន និងស្រាវជ្រាវជាយូរថ្ងៃមកហើយ ទើបតែនៅវេលាម៉ោងជាង១០ព្រឹកមិញនេះ ក៏ចុះទៅឡោមព័ទ្ធនៅម្តុំអូរពងមាន់ ដោយចាប់ខ្លួនជាក់ស្តែង ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងញៀន រថយន្ត និងកាំភ្លើង។
លោកបានបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនបានហើយ កម្លាំងនគរបាល បានសហការជាមួយកម្លាំងនគរបាលខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានបន្តចុះទៅឆែកឆេរដីរបស់ជនល្មើស និងទីកន្លែងស្នាក់នៅ មានផ្ទះសំណាក់ផងនោះ រហូតមកដល់រសៀលថ្ងៃនេះ។ លោកបានបញ្ជាក់ថា «នៅពេលនេះយើង កំពុងចុះមកឆែកនៅដីរបស់ជនល្មើស តែមិនទាន់មានលទ្ធផលសរុបនៅឡើយទេ»។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានបញ្ជាក់ផងដែរថា ករណីនេះខាងមន្ទីរអ្នកដឹកនាំធ្វើ ហើយជនល្មើសជាជនជាតិខ្មែរ។ សម្រាប់ថ្នាំញៀនជាគ្រាប់នោះ ត្រូវបានលោកស្នងការថា មិនទាន់បានរាប់នៅឡើយទេ តែតាមការប៉ាន់ស្មានមានជាង២ម៉ឹនគ្រាប់ឯណោះ។
បើតាមលោក យិន បញ្ញារិទ្ធ ប្រតិបត្តិការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀននេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ពៅ សំអេង អនុប្រធានប្រធានមន្ទីរ តាមការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក់ ជីតូ អគ្គស្នងការរង និងលោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ។សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធ ប្រឆាំង គ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល បាន លទ្ធផល ល្អឡើងថែមទៀត។យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕