(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានថ្លែងអំពាវនាវដល់ជនរួមជាតិដូចជាប្រជាពលរដ្ឋ ព្រះសង្ឃជាដើម សូមចូលរួមឲ្យបានកាន់តែខ្លាំងក្លា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យសង្គមខ្មែរ ក្លាយជាសង្គមដែលគ្មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានឹងការអំពាវនាវនេះដែរ ប្រមុខរាជរដ្ឋាភិបាលក៏បានធ្វើការប្រៀបធៀប លើការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជាជាមួយនឹងប្រទេសហ្វីលីពីន និងប្រទេសម៉ិចស៊ិកជាដើម ដែលប្រទេសទាំងនោះ បានបង្ក្រាបក្រុមជួញដូរយ៉ាងសាហាវ ដោយមានការបាញ់សម្លាប់ចោលជាដើម។
ការថ្លែងយ៉ាងដូច្នេះរបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោថ្លែងថា ការបង្ក្រាបគ្រឿងញៀននៅហ្វីលីពីន យ៉ាងហោចមានជនល្មើសពី ៦-៧ពាន់នាក់ បានស្លាប់ដោយក្នុងនោះមានការបាញ់សម្លាប់ចោលផងដែរ។ សម្ដេចលើកឡើងថា នៅកម្ពុជាមិនអាចអនុញ្ញាតឲ្យមានការសម្លាប់ដូចប្រទេសហ្វីលីពីននោះឡើយ គឺត្រូវអប់រំ កែប្រែ និងដាក់ពន្ធនាគារជាដើម។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកំពុងតែបន្ដនៅយុទ្ធនាការនៃការបង្ក្រាបការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមទីអារាមនានា ក៏ដូចជាបងប្អូនជនរួមជាតិ មេត្តាចូលរួមគ្រប់ៗគ្នា»។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា ដែលមានកូនចៅញៀនគ្រឿងញៀន សូមឲ្យឃាត់កូននៅក្នុងផ្ទះ កុំឲ្យដើរចេញក្រៅដោយត្រូវបន្សាបគ្រឿងញៀនជាមុនសិន។ ប្រសិនបើពួកគេនៅដើរចេញក្រៅ ហើយសេពគ្រឿងញៀន ច្បាស់ណាស់នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅដាក់ពន្ធនាគារ ឬចូលមណ្ឌលអប់រំកែប្រែជាដើម។
សម្ដេចតេជោក៏បានស្នើដល់ព្រះសង្ឃគ្រប់ព្រះអង្គ នៅពេលដែលនិមន្តទៅសម្ដែងធម៌ ទេសនានៅតាមភូមិស្រុក វត្តអារាម មេត្តាជួយបញ្ចូលនៅសារអប់រំ ស្ដីពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧។ យុទ្ធនាការនេះមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី, រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។
គួរបញ្ជាក់ថា រយៈពេល១ខែដំបូង នៃយុទ្ធនាការនេះសមត្ថកិច្ចដែលមានកម្លាំងនគរបាល និងកម្លាំងរាជអាវុធហេត្ថ បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ចំនួន ១,១៤៤ករណី ឃាត់ខ្លួនជនល្មើស ២,៧៧៣នាក់៕