(ភ្នំពេញ)៖ លោកស្រី អ៊ុំ គឹមធីណូន អាយុជាង៥០ឆ្នាំ ភរិយារបស់ឯកឧត្តម យស ប៉ោ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតអគ្គលេខាធិការ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ និងកសាងមាតុភូមិកម្ពុជា ត្រូវបានជនពាលមួយក្រុមមានគ្នាជិត១០នាក់ ព្រួតគ្នាវាយស្ទើរស្លាប់ ហើយរហូតមកដល់ថ្ងៃនេះ ស្ថានភាពរបួសរបស់គាត់ នៅមិនទាន់ធូរស្រាលនោះទេ។
ប៉ុន្តែអ្វីដែលគួរឲ្យឈឺចាប់ទៅទៀតនោះ នៅពេលស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ប៉ុន្តែបែរជានាយនគរបាលប៉ុស្តិ៍ មិនជួយអន្តរាគមន៍ និងមិនព្រមជួបទៅវិញ។ ស្រ្តីរងគ្រោះ និងក្រុមគ្រួសារដោយអស់សង្ឃឹមយ៉ាងខ្លាំង ទៅលើមន្រ្តីនគរបាលមូលដ្ឋាននោះ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់មន្រ្តីកងរាជអាវុធហត្ថវិញ ស្រាប់តែកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ ខណៈបក្ខពួកផ្សេងទៀត នៅមានសេរីភាពនៅឡើយ។
លោកស្រី អ៊ុំ គឹមធីណូន បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា អំពើហិង្សាមកលើអ្នកស្រី និងសាច់ញាតិបានកើតឡើងកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៥៖០០ល្ងាច ថ្ងៃសែនចូលឆ្នាំចិន នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកស្រីបានបន្តថា អំពើហិង្សាដែលកើតឡើងនេះផ្តើមចេញពី បងប្អូនរបស់អ្នកស្រី ទៅប្រាប់ឲ្យភាគីជនដៃដល់ បន្ថយសំឡេងចាក់បាស់ដែលឮខ្លាំងៗ ប៉ុន្តែពួកគេមិនព្រមស្តាប់ថែមទាំងបង្កជម្លោះជែរប្រមាថ រហូតព្រួតវាយតែម្តង។
អ្នកស្រីមេម៉ាយរូបនេះ បាននិយាយថា «នៅមុនហេតុការណ៍ ខ្ញុំទៅដេក និងជួយរៀបសែនចិន នៅផ្ទះប្អូនស្រី ហើយពេលនោះ ជនល្មើសនៅផ្ទះជាប់គ្នា បានចាក់ធុងបាស់ និងបើកសម្លេងខ្លាំងៗ បង្កការរំខានដល់យើង ជាពិសេសកូនប្អូនតូចៗ កំពុងឈឺ អាយុទើបតែ៦ខែ ស្នាក់នៅក្នុងផ្ទះ ដេកមិនបានដោយសម្លេងរំខានពីធុងបាស់ខ្នាតយក្ស»។ ពេលនោះគាត់បានរៀបចំចេញពីផ្ទះទៅហើយ ប្អូនស្រីអ្នកស្រី ក៏ស្រែកប្រាប់ថា ចាក់ឮៗម្ល៉េះ ស្រាប់តែពួកគេមិនស្តាប់ ថែមទំាំងឈ្លោះប្រកែកជាពាក្យសម្តី រហូតនាំគ្នាជិត១០នាក់ សុទ្ធតែស្រវឹង មកស្ទុះមកវាយសង្គ្រប់មកលើពួកគាត់។ ប៉ុន្តែក្នុងចំណោមជនរងគ្រោះនោះ គឺមានតែអ្នកស្រីទេ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយជនល្មើសហោះមកធាក់ពេញមួយទំហឹង។
ជនល្មើសទាំងអស់នេះ ជនរងគ្រោះស្គាល់ច្បាស់មានតែ៣នាក់ទេ ដូចជា៖ ឈ្មោះ ទ្រី លឹមហេង ឈ្មោះ ទ្រី លឹមហាក់ និងឈ្មោះ អេង ហេងឡុង។ ក្រុមជនល្មើសបានប្រើដុំឥដ្ឋ ដំបង និងបំពង់ទីបដែក ព្រួតវាយលើអ្នកស្រី បណ្តាលឲ្យរងរបួសពេញខ្លួនស្ទើរស្លាប់តែម្តង។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ជនរងគ្រោះបានទូរស័ព្ទទៅវិទ្យុ ABC លុះមួយសន្ទុះក្រោយមក ក៏មានមន្ត្រីនគរបាល ប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យម្នាក់ ចុះមកអន្តរាគមន៍ និងណែនាំឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។ អ្នកស្រី បានទៅដល់ប៉ុស្តិ៍ដាក់ពាក្យបណ្តឹង ដោយមានសរសេរកំណត់ហេតុ ប៉ុន្តែអ្នកស្រីមិនបានផ្តិតមេដៃទេ ដោយអាការៈរបួសធ្ងន់ធ្ងរហូរឈាមច្រើនពេក ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរសម្រាកព្យាបាលចន្រ្ទាវុធនៅក្បែរនោះ។ នៅពេលធ្វើដំណើរដល់ប៉ុស្តិ៍ទាំងរបួសធ្ងន់នោះ អ្នកស្រី បានសុំជួប នាយនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែលោកមេប៉ុស្តិ៍ មិនព្រមជួបដោយនិយាយថា «មិនចាំបាច់ជួបទេ ទៅជួបមន្រ្តីខ្ញុំទៅ ខ្ញុំមិនចេះស៊ីលុយស៊ីកាក់ទេ»។ ប៉ុន្តែនៅពេលក្រោយមួយសន្ទុះមក ស្រាប់តែគេឃើញក្រុមជនល្មើសទៅប៉ុស្តិ៍ដែរ បែរជានាយនគរបាលប៉ុស្តិ៍ ឲ្យចូលជួបទៅវិញ។
ជាមួយគ្នានេះ នៅពេលអ្នកស្រី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្រាប់តែបក្ខពួក ជនល្មើសបានបន្តដេញតាមដល់ខាងមុខមន្ទីរពេទ្យ ដែលជាការគំរាមកំហែងដល់ភាគីជនរងគ្រោះយ៉ាងខ្លាំង។
ដោយអស់ជំនឿលើមន្ត្រីនគរបាលមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រី បានទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ហើយនៅពេលទៅដាក់ពាក្យបណ្តឹងនោះ ខាងមន្រ្តីអាវុធហត្ថបានថតសារថ្មីពីស្ថានភាពរបួស និងឲ្យដាក់ពាក្យបណ្តឹងឡើងវិញ។ ដោយចំណាត់ការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនល្មើសម្នាក់ ក្នុងចំណោម៣នាក់ ដែលស្គាល់អត្តសញ្ញាណច្បាស់មានឈ្មោះ អេង ហេងឡុង ត្រូវបានចាប់ខ្លួន និង២នាក់ទៀត នៅពុំទាន់បានចាប់ខ្លួននៅឡើយ។
ដោយមានការភិតភ័យ ចំពោះការគំរាមកំហែង និងបញ្ហាសុវត្ថិភាពអាយុជីវិតផ្ទាល់ខ្លួន របស់អ្នកស្រី និងកូន អ្នកស្រី ដែលជាជនរងគ្រោះ និងកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ សូមឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមជួយបន្តចាប់ខ្លួនជនល្មើសនៅសេសសល់ ខណៈពួកគេនៅមានសេរីភាព និងឌឺដងដល់ក្រុមគ្រួសារអ្នកស្រីស្ទើររាល់ថ្ងៃ។
ជុំវិញករណីនេះ អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា តាមពិតនៅពេលកើតហេតុនោះ ខាងនគរបាលប៉ុស្តិ៍ បានទទួលពាក្យបណ្តឹង រួចហើយក៏ឲ្យទៅពេទ្យសិន ប៉ុន្តែនៅថ្ងៃស្អែក ខាងប៉ុស្តិ៍ហៅមកសួរនាំ តែគាត់មិនព្រមទៅ បែរជាទៅប្តឹងខាងមន្រ្តីអាវុធហត្ថទៅវិញ៕