(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈនេះ បានថ្លែងបន្តស្នើក្នុងវេទិកាសាធារណៈដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជា ដែលបានជំពាក់នៅសម័យរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកទម្លាក់គ្រាប់បែក ទាំងគ្រាប់បែកចង្កោម និងទាំងគ្រាប់បែកគីមី សម្លាប់ខ្មែរហើយ ទារលុយថែមទៀត។
ការថ្លែងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។ អាមេរិកាំងអើយ...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»។
បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានធិបតីភាពអាមេរិកថ្មី នេះជាលើកទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជា សាធារណៈឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ ដោយលើកទី១ ធ្វើឡើងក្នុងពិធីបុណ្យសមុទ្រ កាលពីខែធ្នូ ឆ្នាំ២០១៦ និងលើកទី២ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ចាត់ទុកថា ជាបំណុលកខ្វក់។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖