ដីសង្គមកិច្ចជាង១ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅស្រុកឱរ៉ាល់, រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងអភិវឌ្ឍន៍តំបន់នោះ ឲ្យមានភាពរីកចម្រើនលឿន
08-02-2017 12:44
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ចដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅឃុំសាមគ្គី ស្រុកឱរ៉ាល់ លើផ្ទៃដី ១.៣២០ហិកតា ហើយរដ្ឋបាលខេត្តនឹងអភិវឌ្ឍតំបន់នោះ ឲ្យក្លាយជាតំបន់ថ្មីមួយដែលមានភាពរីកចម្រើនឆាប់រហ័ស។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីក្រុមការងារខេត្ត ទទួលបន្ទុកគម្រោងបែកចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ក្រុមការងារគម្រោង LASED II ថ្នាក់ជាតិ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺមានដីជាច្រើនកន្លែង ដែលត្រូវចាត់ចែងជាដីសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឡែក ការបែងចែកដីសង្គមកិច្ចនោះ បានធ្វើឡើងម្តងរួចមកហើយ ហើយលើកទី២នេះ ក៏កំពុងអនុវត្តផងដែរ នៅឃុំសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕