(ភ្នំពេញ)៖ នារីកម្មការិនីរោងចក្រវ័យក្មេង១៨ឆ្នាំម្នាក់ បានបាត់ខ្លួនបន្ទាប់ពីចេញពីកន្លែងធ្វើការ ធ្វើដំណើរឆ្ពោះទៅផ្ទះ ស្រាប់តែបាត់មិនដឹង ទៅណាទាំងគ្មានដំណឹង ធ្វើឲ្យម្តាយ
បានទៅដាក់ពាក្យបណ្តឹងទាំងទឹកមុខស្រងូតស្រង៉ាត់ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងសូមឲ្យសមត្ថកិច្ចជួយស្វែងរកនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
មន្រ្តីនគរបាលបានឲ្យដឹងថា នារីដែលបាត់ខ្លួនខាងលើនេះ ជាកម្មការិនីរោងចក្រ«ឡាយប៊ល» ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិបឹងត្រាច់ ឃុំកំពុងសិលា ស្រុកស្រែអំបិល ខេត្តកោះកុង និងម្តាយឈ្មោះ នៅ មុំ អាយុ៣៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ«ឡាយប៊ល»ជាមួយគ្នា មានកូន៣នាក់ កូនដែលបាត់គឺជាកូនច្បង។
បើតាមការរៀបរាប់ពីស្ត្រីជាម្តាយបានឲ្យដឹងថា រូបខ្លួន និងកូនស្រី ធ្វើនៅក្នុងរោងចក្រ«ឡាយប៊ល»ជាមួយគ្នា មុនពេលកើតហេតុរូបខ្លួនដែលជាម្តាយ បានចេញពីធ្វើការនៅម៉ោង៦ល្ងាច ធ្វើដំណើរទៅផ្ទះ ចំណែកកូនស្រីរបស់គាត់ បានថែមម៉ោងរហូតដល់ម៉ោង៨យប់ ក៏បានធ្វើដំណើរដោយរថយន្តរបស់រោងចក្រឆ្ពោះទៅផ្ទះ ហើយនារីជាកូនបានឈប់ នៅផ្សារព្រៃទារដើម្បីទិញបង្អែមផ្ញើរឲ្យម្តាយ បានទូរស័ព្ទទៅម្តាយថា កូនជិតទៅដល់ផ្ទះហើយ ម្តាយក៏រង់ចាំកូន តែមិនបានឃើញកូនត្រឡប់មកផ្ទះទេ ទូរស័ព្ទក៏ទាក់ទងលែងចូលរហូតដល់ព្រឹក
ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។
ក្រោយពីបានទៅដាក់ពាក្យបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញ ខ្លាចក្រែងមានករណីអ្វីផ្សេងកើតឡើង ហើយម្តាយក៏បានត្រលប់ទៅផ្ទះ ដើម្បីរង់ចាំកូនត្រឡប់មកវិញឬយ៉ាងណានោះទេ។ បើបងប្អូនណាប្រទះឃើញនារីដែលបាត់ខ្លួនខាងលើនេះ សូមមេត្តាទំនាក់ទំងមកលេខទូរស័ព្ទ០១៥ ៦៧៦ ៩៣៦ ៕