(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ និង​មន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំប្រជុំគណៈកម្មការពិព័រណ៌ពាណិជ្ជកម្មលើកទី៥ ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៩មីនា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងលោក លោកស្រី អភិបាលក្រុង ស្រុក តំណាងកងកម្លាំងទាំងបី និងតំណាងមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។

លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអានសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិព័រ​ណ៌​ពាណិជ្ជកម្ម​ខេត្ត និងបានអានផែនការណែនាំ ព្រមទាំងមានមតិចូលរួមពីសំណាក់ នាយក នាយករងរដ្ឋបាលខេត្ត និងមតិចូលរួមពី​តំណាងតាមមន្ទីរមួយចំនួនផងដែរ។

លោក វ៉ី សំណាង ​បានចាត់ចែងគណៈកម្មការ ដែលយោងតាមលិខិតរដ្ឋបាលខេត្តលេខ០០៥/១៧សសរ ត្រូវមានភារកិច្ចក្នុង​នោះ មន្ទីរ និងកងកម្លាំងនីមួយៗ ត្រូវរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពឲ្យបានល្អ, ត្រូវមានទំនាក់ទំនងវិស័យឯកជន និងអង្គភាពពាក់ព័ន្ធ ឲ្យភ្ជាប់បណ្តាញទឹក ភ្លើង និងអនាម័យ, ត្រូវចាត់ចែងកន្លែងសិក្ខាសាលា​ចំនួន​១លើក ក្នុងកំឡុងតាំងពិព័រណ៌, ត្រូវចាត់តាំងបំផុសចលនា គៀងគរដល់បណ្តារក្រុមហ៊ុន អាជីវករ សេវាករ ក្នុង និងក្រៅខេត្ត ឲ្យគាំទ្រព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្ម ស្របតាមការគ្រោងទុក និងត្រូវមានទំនាក់ទំនង ​បដិសណ្ឋារកិច្ច គណៈអធបតី ភ្ញៀវកិត្តិយស អ្នកចូលរួមឲ្យបានល្អ។

លោកអភិបាល បានបន្តទៀតថា សូមឲ្យមន្ទីរពាក់ព័ន្ធត្រូវពិនិត្យឲ្យបានប្រកត់ប្រជា ​ព្រមទាំងតំលៃ នូវមុខទំនិញនិមួយៗ ដើម្បីប្រកួតប្រជែងប្រកបដោយសមធម៌ ក្នុងក្របខ័ណ្ឌទីផ្សារសេរី ហើយការតាំងពិព័រណ៌ មិនត្រូវផ្សព្វផ្សាយ ឬឃោសនាពន្លើសពីការពិតឡើយ ហើយការតាំងពិព័រណ៌នេះ គឺជាការរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ជួនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕