(កំពង់ស្ពឺ)៖ ឈើហ៊ុបមុខកាត់ធំប្រភេទរាជកុល (ម្រិញ) ចំនួន​១២២កំណាត់ និងឈើប្រណិតធ្នុងចំនួន​១៤កំណាត់ ត្រូវបានកម្លាំងចម្រុះខេត្តកំពង់ស្ពឺ រួមមាន៖ រដ្ឋបាលព្រៃឈើផ្នែកបសេដ្ឋ កម្លាំងកង​រាជអាវុធហត្ថ​លើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ស្ពឺ មន្ត្រីខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ និងសង្កាត់ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការចុះបង្ក្រាប និងរឹបអូស ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃនៅភូមិបេង (ត្រពាំងក្រាញ់) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឈើទាំងនេះ ត្រូវបានវាស់វែងដឹកយកមករក្សាទុក ក្នុងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ឈើចាត់ការតាមផ្លូវច្បាប់​។

លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាល ព្រៃឈើបសេដ្ឋ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា កម្លាំងចំរុះ បានចុះទៅបង្ក្រាប និងរឹបអូសបានឈើហ៊ុបជ្រុងរាជកុល (ម្រិញ) បានចំនួន​១២២កំណាត់ ស្មើ​នឹង ៥១,១១៨ម៉ែត្រគូប និងឈើប្រណិតធ្នុងចំនួន ១៤កំណាត់ ស្មើនឹង ១,០០៧ម៉ែត្រគូប។

លោកបន្តថា ការបង្ក្រាបទីតាំងឈ្មួញលាក់ទុកឈើខុសច្បាប់ទាំងនោះ ដោយសារតែមានការចូលពីសំណាក់ប្រជាពលរដ្ឋ ប្រទះឃើញគំនរឈើនៅរាយប៉ាយក្នុងព្រៃ ខាងក្រោយភូមិ ហើយឈ្មួញរៀបចំមប្រុងដឹកចេញទើបសមត្ថកិច្ចចម្រុះ សហការគ្នាចុះបង្ក្រាបទាន់ពេលវេលាតែម្តង​។

លោក ប៊ុន សម្បត្តិ ​បញ្ជាក់ថា ឈើហ៊ុបទាំងនោះ ត្រូវបានស្ទួចដឹកជញ្ជូនយកមករក្សាទុកនូវស្នាក់ការផ្នែក ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកម្ចាស់ និងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅថ្នាក់លើ ចាត់ការតាមផ្លូវច្បាប់៕