(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា មិនមានការលើកលែង ឬអនុគ្រោះឡើយ ចំពោះសិស្ស ដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ។
លើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល នាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៃសាលានគរបាលជាតិភូមិភាគ២។ ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុក សារ៉ាយ នាយកសាលានគរបាលភូមិភាគ២ និងថ្នាក់ដឹកនាំ គ្រូនគរបាល ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ ពោលគឺអ្នកដែលខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រ និងគោរពវិន័យបានល្អ ពិតជាទទួលបានជោគជ័យ និងការលើកទឹកចិត្ត ចំណែកអ្នកដែលមិនបានយកចិត្តទុកដាក់ សិក្សារៀនសូត្រ មិនគោរពវិន័យ ពិតជាមិនអាចទទួលបានលទ្ធផលល្អនោះទេ។
ជាមួយគ្នានោះ លោក ឯក មនោសែន បានសង្កត់ធ្ងន់ថា «បណ្ឌិត្យសភាប្រកាន់ភ្ជាប់នូវ គោលការណ៍មិនលម្អៀង ពោលគឺ យើងមិនមានការយោគយល់ ឬមានការលើកលែង ឬអនុគ្រោះអ្វីទាំងអស់ចំពោះសិក្ខាកាមដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាក្នុងការទទួលបានវិញ្ញាបនបត្រ។ គ្មានករណីអ្នកមិនដែលមករៀនតែបែរជាទទួលបានពិន្ទុខ្ពស់ ចំណាត់ថ្នាក់ល្អ និងបានទទួលវិញ្ញាបនបត្រនោះទេ។ អ្នកដែលមិនគោរពវិន័យ ឬមិនខិតខំសិក្សារៀនសូត្រ អាចត្រូវលុបឈ្មោះចេញពីវគ្គ ឬប្រឡងធ្លាប់និទ្ទេសខ្សោយ។»
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ឯក មនោសែន បានណែនាំឲ្យសិស្សនាយនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ហើយត្រូវមានវត្តមានគ្រប់ពេលសិក្សា ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុងនិស្សិតសិក្ខាកាម ព្រមទាំងការណែនាំសំខាន់ៗមួយចំនួនទៀតផងដែរ៕