(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជម្រុញមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវមានវប្បធម៌សាមគ្គីភាព ឲ្យបានទូលំទូលាយ ប្រើប្រាស់ក្រមសីលធម៌ ទើបនាំមកនូវភាពសុខសាន្ត និងការអភិវឌ្ឍ។
ការជម្រុញបែបនេះ ធ្វើឡើងក្នុងឱកាសលោក ម៉ៅ ធនិន អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ដែលបានដំណើរការ រយៈពេលពេញមួយថ្ងៃ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លឹម ហោ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ចេង ឡៃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រុងស្រុក មន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត និងមន្ត្រីរាជការចំណុះឲ្យមន្ទីរ ជិត២០០នាក់។
លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ក្នុងរយៈពេញមួយថ្ងៃ អង្គសន្និបាត បានតាមដានស្តាប់លើរបាយការណ៍ប្រចាំឆ្នាំ២០១៦ ក៏ដូចទិសដៅឆ្នាំ២០១៧ និងបទអន្តរាគមន៍របស់លេខាធិការដ្ឋាន គណៈកម្មការ សុរិយោដី និងការិយាល័យចំណុះមន្ទីរ ទទួលបាននូវអនុសាសន៍ របស់ថ្នាក់ដឹកនាំក្រសួង និងការដោះស្រាយវិវាទដីធ្លីដើម្បីជាស្មារតីសម្រាប់អនុវត្តក្នុងឆ្នាំបន្ត។
លោកប្រធានមន្ទីរ បានលើកឡើងទៀតថា ដោយមានកិច្ចសហការល្អ ជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធក្នុងខេត្ត ជាលទ្ធផលក្នុងឆ្នាំ២០១៦ បានចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាជនបាន៥ឃុំ២៨ភូមិ នៅក្នុងស្រុកកណ្តៀងស្មើនឹង១៨,៤៥៥ប័ណ្ណ និងបន្តវាស់វែងចុះបញ្ជីដីធ្លីនៅឃុំ ស្នាមព្រះ និងឃុំត្រពាំងជង ស្រុកបាកាន។
លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ដោយបានថ្លែងថា មន្ទីរនេះមានតួនាទីពុំអាចខ្វះបាន ក្នុងការបម្រើសេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ ដែលកំពុងរីកចម្រើនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញផ្តល់ប័ណ្ណកម្មសិទ្ធិលើដីធ្លី ទាំងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដាច់ដោយដុំ និងអនុវត្តបទបញ្ជាលេខ០១ លើដីរបស់រដ្ឋដែលបានអាស្រ័យផល នេះបញ្ជាក់ និងឆ្លុះបញ្ចាំងឱ្យឃើញ អំពីបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តក្នុងទិសដៅឆ្នាំថ្មី។ ដូច្នេះនូវរាល់ចំណុចខ្លាំង ចំណុចខ្យោយ និងកត្តាប្រឈមនានា ត្រូវយកមកធ្វើការពិចារណា វិភាគឱ្យបានស៊ីជម្រៅ ពោលគឺប្រើប្រាស់ភ្នែកឱ្យបានច្រើន លើយន្តការគ្រប់គ្រង ដឹកនាំ ជៀសវាងការឆកល្វែង និងខុសឆ្គងនាំឱ្យមានកើតបញ្ហាវិវាទដីធ្លី ដែលកន្លងមកឯកឧត្តមបានដោះស្រាយដីធ្លីនេះជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការបានជាង១០០ករណីរួចមកហើយ។
តែទោះជាយ៉ាងនេះក៏ដោយ បញ្ហាវិវាទដីធ្លីនៅតែកើតមានជាបន្តបន្ទាប់ ដែលទាមទៀរឱ្យមន្ត្រីជំនាញ ខិតខំធ្វើ យ៉ាងណាត្រូវតែបង្កើតសកម្មភាពការងារទ្វេរដង ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគុណភាព ក្នុងការបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាតាមសំណូមពរ ដោយគោរព និងអនុវត្តឱ្យបានតាមអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព និងឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមឱ្យថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីក្រោមឱវាទមន្ទីរ ត្រូវមានវប្បធម៌សាមគ្គីភាពឲ្យបានទូលំទូលាយ ប្រើប្រាស់ក្រមសីលធម៌ ទើបនាំមកនូវភាពសុខសាន្ត និងការអភិវឌ្ឍន៍។
នៅថ្ងៃបិទសន្និបាតនោះលោក ម៉ៅ ធនិន ក៏បានបំពាក់មេដាយការងារជូនដល់មន្ត្រីរាជការ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំនួន៨រូប ក្នុងនោះថ្នាក់សេរីវឌ្ឍន៍១រូប និងមេដាយមាស៧រូបផងដែរ៕