(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ឈួរ ច័ន្ទឌឿន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ផែនការលើការទប់ស្កាត់ និងបង្ក្រាបបាតុភាពផ្សេងៗ ជាពិសេស គឺការដាក់កុងត្រូលជជុះខុសច្បាប់ នៅតាមដងផ្លូវជាដើម គោលបំណងពង្រឹងបន្ថែមនូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពី មេនគរបាលខេត្ត មេអាវុធហត្ថខេត្ត មេយោធាខេត្ត អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងមេអាវុធហត្ថក្រុង-ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតនោះ លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា រឿងកុងត្រូលជជុះ នៅតាមដងផ្លូវខុសច្បាប់ទាំងនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាប និងទប់ស្កាត់ កុំឲ្យកើតមាននៅក្នុងទឹកដីរបស់ខ្លួន។
ដោយអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ផែនការមួយចំនួនរួមមាន៖
ទី១- ប្រគល់ឲ្យអាជ្ញាធរឃុំ-សង្កាត់ ភូមិ និងប៉ុស្តិរដ្ឋបាល ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យម៉ឺងម៉ាត់ មានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍បន្ទាន់មកក្រុង-ស្រុក ដើម្បីដោះស្រាយ
ទី២- ពង្រឹងមន្រ្តីប្រចាំបញ្ជា និងកម្លាំងអន្តរាគមន៍ឆាប់រហ័ស ទៅក្រុង-ស្រុក និងខេត្ត
ទី៣- រៀបចំផ្សព្វផ្សាយលេខទូរស័ព្ទមន្រ្តីប្រចាំការសម្រាប់ប្រជាពលរដ្ឋ ឬអ្នកដំណើរឆ្លងកាត់ខេត្ត ទាក់ទងសុំអន្តរាគមន៍ ពេលមានការចាំបាច់
ទី៤- ពង្រឹងការគ្រប់គ្រងកងកម្លាំងនៅគ្រប់អង្គភាព ឲ្យគោរពវិន័យឲ្យបានល្អ និងលប់បំបាត់រាល់អំពើអសកម្មនានា
ទី៥- ប្រគល់ឲ្យស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ធ្វើការឲ្យបានម៉ឺងម៉ាត់ ជាមួយគ្រប់កម្លាំងមានសមត្ថកិច្ចទាំងអស់ដូចជា៖ សាខាគយ និងរដ្ឋាករ ខណ្ឌរដ្ឋបាលព្រៃឈើ បសុពេទ្យ នគរបាលសេដ្ឋកិច្ច និងនគរបាលចរាចរ ឲ្យបំពេញភារកិច្ចស្នូលរបស់ខ្លួនឲ្យ បានត្រឹមត្រូវលប់បំបាត់បាតុភាពទាំងអស់ឲ្យខាងតែបានជាដាច់ខាត។
នៅក្នុងកិច្ចប្រជុំនេះ លោក ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរក្នុងខេត្តកំពង់ឆ្នាំង ពេលជួបបញ្ហាអសន្តិសុខផ្សេងៗ ឬជួបកុងត្រូលជំរិតទារប្រាក់ខុសច្បាប់ សូមមេត្តាជួយផ្តល់ព័ត៌មានជាបន្ទាន់តាមលេខទូរស័ព្ទ ដើម្បីសហការបង្ក្រាបទាន់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឲ្យបង្ហាញ និងផ្សព្វផ្សាយលេខទូរស័ព្ទថ្នាក់ដឹកនាំខេត្ត និងតាមក្រុង-ស្រុកផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ហើយទូរស័ព្ទរាយការណ៍ព័ត៌មានផ្សេងៗ ដែលកើតមានឡើង នៅក្នុងដែនដីរបស់ខ្លួន៕