(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧។
ពិធីនេះបានធ្វើងឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីស្នងការរង នាយការិយាល័យ អធិការខណ្ឌទាំង១២ និងនាយនគរបាលប៉ុស្តិ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រេចនូវលទ្ធផលជាច្រើន លើកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសលើការបង្ក្រាបបទល្មើសនានា ដូចជា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការងារសណ្តាប់ធ្នាប់សាធារណៈជាដើម។
ក្នុងពីធីសន្និបាតនេះ លោក ឃួង ស្រេង បានថ្លែងថា ចំពោះរបាយការណ៍សរុបលទ្ធផល ដែលកម្លាំងនៃស្នងការរាជធានីភ្នំពេញ បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាប រាល់បទល្មើសផ្សេងៗ នៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង គួរកត់សម្គាល់ តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា «ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាប រួមមាន ៨១២ករណី ចាប់ខ្លួនបាន១១៥៤នាក់ ក្នុងនោះបទឧក្រិដ្ឋ មាន១២២ករណី ចាប់ខ្លួនបាន២៤៤នាក់ បទមជ្ឈឹមមាន៦៩០ករណី ចាប់ខ្លួនបាន៩១០នាក់»៕