(តាកែវ)៖ លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានឲ្យដឹងថា នៅមូលដ្ឋានភូមិតាទ្យូង ឃុំកំពែង ស្រុកព្រៃកប្បាស មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ សឿង សំ អាយុ២៤ឆ្នាំ ដែលបានលើកដៃវាយលើជីតាបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
លោកវរសេនីយ៍ទោ ជុំ ឈឿន បានបន្តថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកថា ជនរងគ្រោះមានឈ្មោះ ដួង សឿង អាយុ៧៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវចៅបង្កើតវាយកណ្ដាលក្បាល២ផ្លែចប។
ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ តែជាអកុសលពេលមកដល់ពាក់កណ្តាលផ្លូវ ជីតាចាស់ជរារូបនោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
លោកវរសេនីយ៍ទោ ជុំ ឈឿន បានបន្តថា មូលហេតុដែលនាំឲ្យចៅចិត្តតិរច្ឆានខាងលើ ឈានដល់ថ្នាក់វាយសម្លាប់ជីតារបស់ខ្លួន ដោយសារជនខឹងនឹងជីតាស្តីឲ្យ ពីរឿងទាត់សត្វទាដែលជីតាខំចិញ្ចឹម។
ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស និងកម្លាំងនគរបាលប៉ុស្តិ៍កំពែង បានចុះទៅដល់កន្លែងកើតហេតុភ្លាម និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕