កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបក្រុមចោរលួចកាច់កម៉ូតូ៣នាក់ ដកហូតវត្ថុតាងជាច្រើន

(ភ្នំពេញ)៖ កម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប​ក្រុមចោរលួចដ៏សកម្ម ចំនួន៣នាក់ បន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាព លួចកាច់ ក​-ម៉ូតូរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ រួចហើយបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាត់តាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងតាំងពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាស្ថានជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការបង្ក្រាប​ក្រុមចោរទាំងនេះ កម្លាំងនគរបាលរបស់លោក បានដកហូតបានម៉ូតូចំនួន៣គ្រឿង ទី១-ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-5810, ទី២-ម៉ាកស្កុបពី ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-9396 ដែលបានធ្វើសកម្មភាពលួច នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខផ្ទះលេខ៤៥AE0 ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន និងទី៣-ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1H-8565 នៅចំណុចផ្ទះលេខ១៣ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងសម្ភារៈមួយចំនួនទៀត។
 
បើតាមលោក ប៊ុន​ សត្យា ជនសង្ស័យទី១-ឈ្មោះ មាស មេស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ទី២-ឈ្មោះ គុយ សុវណ្ណ អាយុ២៧ឆ្នាំ​ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងទី៣-ឈ្មោះ យ៉ាន់ សាវ៉េត អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅការិយាល័យចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូចំនួន២គ្រឿង ជារបស់ជនរង​គ្រោះការិយាល័យបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ៕