(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហាញនូវពាក្យថា៖ «ខ្ញុំនៅមានទុក្ខជាមួយការ បាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរីដែលបានលាចាកលោកនេះនាព្រឹកម៉ិញនេះ, ខ្ញុំបាត់ដៃគូរដែលតែងហៅ រកសួរនាំពីបញ្ហាកីឡា»។
នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្ត ព្រែកប្រាក៏ដោយ តែ ខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភ័ក្រគឺលោក ម៉ា សេរី ដែលបានលាចាកលោកនេះនាព្រឹកម៉ិញនេះ។ ខ្ញុំបានជួបលោកម៉ា សេរី តាមទូរសព្ទ័ បន្ទាប់មកបន្តឆ្លងឆ្លើយ គ្នាតាម Line ដែលខ្ញុំបង្ហាញជូននេះ។ តាមគំរោងព្រឹកនេះខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថា លោក ម៉ា សេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យ អ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ»។
ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសួរសុខទុក្ខលោក ម៉ា សេរី ពេលកំពុងព្យាបាលជំងឺ៖
១៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី៣០ ខែមករា ម៉ោង១០៖៣០ព្រឹក)៖ ជូនពរលោក ម៉ា សេរី ជំនះបានលើពេលវេលាដ៏លំបាកនេះ។ ហ៊ុន សែន
២៖ ម៉ា សេរី (ថ្ងៃទី៣០ ខែមករា ម៉ោង១៣៖១៨នាទី)៖ អរព្រះគុណដ៏ជ្រាលជ្រៅសម្តេច
៣៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១១៖៥៣នាទី)៖ គោរពជូនសម្តេចជាទីគោរពដ៏ថ្លៃថ្លា នៅវេលាម៉ោង១១៖៣០ព្រឹក ថ្ងៃទី០៣កុម្ភៈនេះ ខ្ញុំបានរើចេញពីមន្ទីរពេទ្យរុស្ស៊ីហើយ ព្រោះគ្រូពេត្យបានប្រាប់ថា ពួកគាត់អស់លទ្ធភាពព្យាបាលហើយ។ ប៉ុន្មានថ្ងៃមុខ បើខ្ញុំបាទឈឺទ្រាំមិនបាន ឲ្យខ្ញុំបាទត្រឡប់មកវិញចុះ គាត់នឹងព្យាយាមជួយបន្តទៀត។ ដោយសេចក្តីគោរពដ៏ថ្លៃថ្លាបំផុត ពីខ្ញុំ ម៉ា សេរី។
៤៖ សម្តេចតេជោ ហ៊ុន សែន (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖១៩នាទី)៖ ខិតខំព្យាលបន្តនៅផ្ទះតាមការណែនាំ របស់ពេទ្យ។ សូមជូនពរដើម្បីជំនះលើការលំបាកនេះ។
៥៖ ម៉ា សេរី (ថ្ងៃទី០៣ ខែកុម្ភៈ ម៉ោង១២៖៥១នាទី)៖ អរគុណនូវសណ្តានចិត្តគាំទ្ររបស់សម្តេច គុណបំណាច់ដ៏ធំធេងនេះ ខ្ញុំបាទនឹងក្រុមគ្រួសារគ្មានថ្ងៃបំភ្លេចបានឡើយ។
តាមរយៈសារឆ្លើយឆ្លងសួរសុខទុក្ខនេះអាចបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលតែងតែគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាឋានៈខ្ពស់ទាប វណ្ណៈពណ៌សំបុរអ្វីឡើយ ដែលនេះជាសកម្មភាពដ៏ប្រពៃមួយដែលកម្រមានមេដឹកនាំថ្នាក់កំពូលយកចិត្តទុក្ខយ៉ាងនេះណាស់។
សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាពនៅវេលាម៉ោង៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕