(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានអះអាងថា ប្រទេសស៊ីរីមិនមែនជាកម្មសិទ្ធិផ្ដាច់របស់គ្រួសារលោកនោះទេ ហើយរូបលោកផ្ទាល់នឹងចុះចេញពីតំណែងភ្លាមៗ បើសិនជាប្រជាជនស៊ីរីជ្រើសរើសបានប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក អាស្សាដ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន រដ្ឋ Sana។ ប្រធានាធិបតីស៊ីរីបានថ្លែងយ៉ាងដូច្នេះថា «បើសិនជាប្រជាជនស៊ីរីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខ្ញុំនឹងចាកចេញពីអំណាចដោយស្វ័យប្រវត្តិ ត្បិតនៅក្នុងករណីនេះខ្ញុំគ្មានជម្រើសអ្វីត្រូវធ្វើនោះទេ ក្រៅតែពីបោះបង់ចោលរាល់មុខងារ ឬតួនាទីរបស់ខ្ញុំ ហើយខ្ញុំនិយាយនេះគឺជាការពិត។ ស៊ីរីមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារខ្ញុំឡើយ ប៉ុន្តែជាវាកម្មសិទ្ធិប្រជាជនស៊ីរីទាំងអស់ ពោលគឺប្រជាជនស៊ីរីគ្រប់រូបអាចកាន់តំណែងជាប្រធានាធិបតីនេះបាន»។
គួរបញ្ជាក់ថាលោក អាស្សាដ កើតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៥ នៅទីក្រុងដាម៉ាស់ ក្នុងត្រកូលគ្រួសារយោធា ហាហ្វីស អាល់ អាសាដ (Hafez el Assad) ដែលបានឡើងកាន់អំណាចដឹកនាំប្រទេសស៊ីរី នៅឆ្នាំ១៩៧០។ លោក អស្សាដ បានជាប់ឆ្នោតជាប្រធានាធិបតី កាលពីខែមិថុនា ឆ្នាំ២០០០ តាមរយៈការបោះឆ្នោតប្រជាមតិ៕