(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រសួងនឹងប្រកាសដាក់ប្រើប្រាស់ ប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរ ពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ។
ក្រសួងអប់រំ បញ្ជាក់ថា ប្រព័ន្ធនេះនឹងជួយពង្រឹង សមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង៨៖០០នាទីព្រឹក។ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្សអាចអនុវត្តកម្មវិធីនេះ បានតាមរយៈតំណភ្ជាប់ នៅលើគេហទំព័រក្រសួង: http://bacii.moeys.gov.kh៕