(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតថ្នាំញៀន ៣១កញ្ចប់ និងវត្ថុតាងមួយចំនួន ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមុខរោងចក្រប៊ឺរី ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក ប្រាក់ សុជាតិ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ។
លោក ប្រាក់ សុជាតិ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភូ ចាន់ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិកំពងត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត, និងឈ្មោះ ជឹម សុភា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ក្រោយឃាត់ខ្លួនបានហើយ កម្លាំងនគរបាលបានដកហូតម៉ាទឹកកក ចំនួន៣១កញ្ចប់តូចធំ រួមនឹងឧបករណ៍វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជន សង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕