(ភ្នំពេញ)៖ លោក កឹម សុខា បានសរសេរនៅលើបណ្តាញសង្គម Facebook មានលក្ខណៈអំពាវនាវថា៖ «ខ្ញុំសូមឲ្យថ្នាក់ដឹកនាំយើង កុំគិតត្រឹមតែយក ចាញ់-ឈ្នះ ក្នុងគណបក្សខ្លួនឯង ឬខ្មែរគ្នាឯង សូមឲ្យគិតមើលឲ្យឆ្ងាយ ឲ្យខ្ពស់ជាងនេះ»។ តាមរយៈសារជាច្រើនលើកច្រើនសារអំពាវនាវឱ្យមានការរួបរួមបង្ហាញថា លោក កឹម សុខា កំពុងតែទទួលស្គាល់ថា ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ កំពុងតែបែកបាក់គ្នា និងកំពុងតែដណ្តើមឈ្នះចាញ់គ្នាក្នុងរង្វង់ គណបក្សនេះគឺរវាងក្រុមនិយម លោក សម រង្ស៊ី និងក្រុមនិយមលោក កឹម សុខា។

តើក្រុមទាំងពីរនេះកំពុងតែបែកបាក់គ្នាលើចំណុចអ្វីខ្លះ?

ទី១៖ បែកបាក់គ្នាលើការរៀបចំបញ្ជីឈ្មោះបេក្ខជនសម្រាប់ ចូលរួមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដោយសារតែនៅឃុំសង្កាត់ខ្លះមានការដណ្តើមគ្នាឈរឈ្មោះ រវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ី។ ពេលខ្លះមានការឈ្លោះប្រកែកគ្នាយ៉ាងបែកផ្សែង។ តើចំណុចនេះគណបក្សសង្គ្រោះជាតិទទួលស្គាល់ទេថា ពិតជាមានបញ្ហានេះកើតឡើង? បើគ្មានបញ្ហាដូច្នេះទេ ម្ល៉េះសមគណបក្សនេះរៀបចំឱ្យមានការ បោះឆ្នោតជ្រើសរើសជាចំហរហើយ មិនមែនលាក់បាំងនោះទេ។ ជ្រើសរើសដោយលាក់បាំងដោយសារតែមិនចង់ឱ្យសាធារណជនដឹងថា ក្រុម លោក កឹម សុខា គណបក្សសិទ្ធិមនុស្ស និងក្រុមលោក សម រង្ស៊ី គណបក្ស សម រង្ស៊ី ឈ្លោះដណ្តើមលេខរៀងគ្នាឈរឈ្មោះ។

ទី២៖ បែកបាក់ផ្ទៃក្នុងរវាងក្រុមលោក កឹម សុខា និងលោក សម រង្ស៊ី ដោយសារតែរឿងរ៉ាវបុគ្គលស្រីញីអូនបង របស់ក្រុមតំណាងរាស្ត្រមួយចំនួនមកពីក្រុម លោក សម រង្ស៊ី ដូចជា លោក អេង ឆៃអ៊ាង, លោក យឹម សុវណ្ណ, ឡុង រី, លោក រៀល ខេមរិន្ទ្រ បាននិងកំពុងតែទាញប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិធ្លាក់ចុះ ខណៈរឿងរ៉ាវស្រីញី របស់លោក កឹម សុខា ត្រូវបានរលាយបាត់ជាមួយការលើកលែងទោសលោក និងលោក កឹម សុខា បញ្ចប់ការឃុំខ្លួនដោយខ្លួនឯង ជាច្រើនខែ។ ក្រុមលោក កឹម សុខា អាចមានការខឹងសម្បារមកលើក្រុមលោក សម រង្ស៊ី ដែលមិន ជួយចូកជួយចែវគណបក្សព្រះអាទិត្យ រៀបនឹងអស្តង្គត តែបែរជានាំគ្នាសប្បាយជាស្រីញីអូនបង ក្បត់ចិត្តប្រពន្ធ ជាន់ពន្លិចគណបក្សទៅវិញ។

ទី៣៖ គណបក្សសង្គ្រោះជាតិកំពុងតែបែកបាក់ផ្ទៃក្នុងខ្លាំង ដោយសារតែមេបក្សជាទណ្ឌិត សម រង្ស៊ី មាត់អត់គម្របដើរនិយាយគ្មានការទទួលខុសត្រូវ និងធ្វើឱ្យមានបញ្ហាដល់បក្ស និងជាប់បណ្តឹងគ្រប់ទិស ដែលធ្វើឱ្យលោក កឹម សុខា ត្រូវតែចេញមកធ្វើជាឥសីដើរប្រោះគណបក្សទប់ស្កាត់ កុំឱ្យរឿងរ៉ាវ បែកបាក់ផ្ទុះឡើង។ ម្យ៉ាងកាលដែល លោក កឹម សុខា ដើរអំពាវនាវឱ្យរួបរួមនេះ អាចជាសេណារីយូមួយត្រៀមទុកជាមុន ក្នុងករណីច្បាប់ស្តីពីគណបក្ស នយោបាយត្រូវបានធ្វើវិសោធនកម្ម លោក សម រង្ស៊ី មិនអាចបន្តធ្វើជាប្រធានបក្សទៀត នោះលោក កឹម សុខា នឹងត្រូវគេមើលឃើញថា ជាមនុស្សសក្តិសម នឹងធ្វើជាប្រធាន ព្រោះបានដើរតួកសាងកេរ្តិ៍ឈ្មោះជាឥសីរួចជាស្រេច។

សរុបមកវិញពេលដែលលោក កឹម សុខា អំពាវនាវឱ្យរួបរួមគ្នា មានន័យថា ភាពបែកបាក់បានកើតឡើងនៅក្នុងរង្វង់គណបក្សនេះរួចស្រេចទៅហើយ៕

ដោយ៖ ចៅចាក់ស្មុគ