(ភ្នំពេញ)៖ លោក Kiyoshi Amemiya ស្ថាបនិកគ្រឿងចក្រកម្ទេចមីនម៉ាក Hitachi បានយល់ព្រមជួយ ឧបត្ថម្ភដល់មន្រ្តីស៊ីម៉ាក់របស់កម្ពុជា នៅពេលទៅហ្វឹកហ្វឺនជំនាញ នៅប្រទេសជប៉ុន ម្ដង៣នាក់ ក្នុងរយៈពេល៦ខែ (វិលជុំ)។
ជំហរគាំទ្រនេះ ជាការឯកភាពតាមសំណើរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ដែលបានស្នើទៅលោក Kiyoshi Amemiya នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាស លោក Kiyoshi Amemiya ដឹកនាំក្រុមកីឡាបាល់ទាត់ជប៉ុនមកកម្ពុជា និងបានចុះទៅផ្សព្វផ្សាយដល់សិស្ស នៅខេត្តបាត់ដំបង។
លោក Kiyoshi Amemiya បានជំរុញឲ្យមន្ត្រីស៊ីម៉ាក់ ទៅសិក្សាហ្វឹកហ្វឺនខាងបច្ចេកទេសជួសជុល និងថែទាំគ្រឿងចក្រនៅប្រទេសជប៉ុន ហើយលោកក៏បានឯកភាពយល់ព្រមជួយឧបត្ថម្ភ ម្តង៣នាក់ ក្នុងរយៈពេល៦ខែ (វិលជុំ) តាមសំណើរបស់លោក ហេង រតនា។
ស្ថាបនិកគ្រឿងចក្រកម្ទេចមីនប្រភេទ Hitachi ជនជាតិជប៉ុនរូបនេះ ក៏ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្ដងដែរ នៅឆ្នាំ១៩៩៦ ហើយលោកបានបញ្ជាក់ ពីមហិច្ឆតាចង់បង្កើតគ្រឿង ចក្រសម្អាតព្រៃចម្ការមីន ជីករកមីន និងវាយកម្ទេចគ្រាប់មីនតែម្តង ដើម្បីជួយអ្នកដោះមីន និងពន្លឿនល្បឿនការបោសសម្អាតមីន នៅប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក Kiyoshi Amemiya បានសន្យាថា នឹងខិតខំប្រមែលប្រមូលអ្នកវិនិយោគជប៉ុន ក៏ដូចជាសកម្មភាពមនុស្សធម៌នានា នៅប្រទេសជប៉ុន ឲ្យមកវិនិយោគ និងជួយសាងសង់សាលារៀន ផ្លូវលំជនបទ ស្រះទឹក ដើម្បីជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕