(សៀមរាប)៖ លោក ឃឹម ប៊ុនសុង បានចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដែលបានប្រព្រឹត្តទៅមួយថ្ងៃពេញនៅសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ឆ្លងតាមការពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ របស់អង្គសន្និបាតលើប្រធានបទនីមួយៗក្រោមការវាយតម្លៃ លទ្ធផលការងារពិតជាបានរកឃើញនូវចំណុចខ្លាំង និងចំណុចខ្វះខាត ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក និងរកឃើញនូវដំណោះស្រាយក៏ដូចជាវិធានការល្អៗបន្ថែមទៀត ដើម្បីពុះពារជំនះនូវរាល់ការលំបាក និងបញ្ហាប្រឈមនានា នៅពេលខាងមុខ។
អង្គសន្និបាតនេះត្រូវបានធ្វើពិធីបិទក្រោមអធិបតី ភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
មានប្រសាសន៍បិទអង្គសន្និបាតនាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរ ដែលបានខិតខំប្រឹងប្រែងតាមតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីរួមចំណែកធ្វើឲ្យក្រសួង និងរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំៗជាច្រើនថែមទៀត។
លទ្ធផលនៃកិច្ចការទាំងឡាយ ដែលមន្ទីរសម្រេចបាននេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នមន្ទីរ-អង្គភាព អាជ្ញាធរដែនដី ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិល ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ បើទោះបីជាត្រូវឆ្លងកាត់នូវការលំបាក និងបញ្ហាប្រឈមធំៗ។
រហូតមកដល់ពេលនេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើត នូវសមិទ្ធផល ជាជោគជ័យរួមរបស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល។ លោក ឃឹម ប៊ុនសុង ក៏បានគាំទ្រផងដែរចំពោះលទ្ធផល ដែលអង្គសន្និបាតរកឃើញនូវអនុសាសន៍ ដែលបានលើកឡើងក៏ដូចជាវិធានការទាំងឡាយសម្រាប់ដោះស្រាយបញ្ហាប្រឈម នានាពាក់ព័ន្ធ និងការកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដីធ្លី ការងាររៀបចំដែនដី និងនគរូបនីយ កម្មសំខាន់ការរៀបចំប្លង់គោល ក្រុងសៀមរាប ការងារសំណង់ឲ្យបានរឹងមាំ មានតម្លាភាពមានចីរភាព សមធម៌ និងប្រសិទ្ធិភាព។ ចំពោះបញ្ហាសំណូមពរ និងចំណុចដែលនៅសេសសល់ ក៏បានស្នើឲ្យក្រុមការងារធ្វើការកត់ត្រាទុកសម្រាប់ផ្នែកជំនាញពាក់ព័ន្ធ បន្តសិក្សាស្រាវជ្រាវ រកដំណោះស្រាយបន្តបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនេះ អភិបាលខេត្តសៀមរាប ក៏បាននូវផ្តល់អនុសាសន៍មួយចំនួន និងបានសង្កត់ធ្ងន់ចំពោះបញ្ហាការគ្រប់គ្រង ដីធ្លីរបស់រដ្ឋ នៅគ្រប់បណ្តា ក្រុង ស្រុកឲ្យបានត្រឹមត្រូវ សុក្រិតទៅតាមលិខិតបទដ្ឋាននៃច្បាប់ និងត្រូវបញ្ចប់នូវប្រពៃណីការធ្វើ ប្លង់សំណង់លួច ដែលធ្វើឲ្យបាត់បង់នូវលិខិតបទដ្ឋានរចនាបទនៃសំណង់ជាលក្ខណៈខ្មែរ និងការសាងសង់មុនច្បាប់អនុញ្ញាត ដោយ សារតែលៀបសក្ការៈបន្តិបន្តូចនោះ ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ៕