(ភ្នំពេញ)៖ បណ្តឹងចំនួន៩ទៀតហើយ ដែលប្តឹងដោយមន្រ្តីគណបក្សសង្គ្រោះជាតិ ឱ្យលុបឈ្មោះអ្នកបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លើកយកមកប្រជុំដោះស្រាយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាលទ្ធផលស្ថាប័នជាន់ខ្ពស់របស់ជាតិមួយនេះ បានសម្រេចច្រានចោលបណ្តឹងទាំងនោះ ប៉ុន្តែក៏បានសម្រេចដកឈ្មោះ អ៊ុ ដារ៉ា ចេញពីបញ្ជីបណ្ដឹងនៃការិយាល័យ០៣៧២ ក្នុងសង្កាត់អូរឫស្សីទី៣ តាមសំណូមពររបស់ដើមបណ្ដឹងផងដែរ ។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមាន លោក អ៊ឹម ឈុនលឹម ជាប្រធាននោះ បានលើកយកបណ្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះឆ្នោតថ្មី ក្នុងនោះប្តឹងដោយគណបក្សសង្រ្គោះជាតិចំនួន៩បណ្តឹង យកមកពិភាក្សា និងដោះស្រាយ។ ក្នុងបណ្តឹងទាំង៩នេះ សុទ្ធតែត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល។
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់ លោក ឡុង គាត លោកស្រី សោម សុណារី លោក ម៉ូវ ផល្លា លោក ហាស់ កូនចង លោក ហ៊ ខេង លោក អ៊ីវ ឡេជី លោក សំ សុត លោក ហ៊ុល សំអឿន និងលោក ទឿន យាំងកូ ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិនោះ ទាមទារលុបឈ្មោះជនបរទេស ដែលអះអាងថាជាវៀតណាម ពុំមានឯកសារឬភស្ដុតាងណាមួយ ដែលអាចឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននោះឡើយ។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា សេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាច ទាំងអស់ដែលចែង
នៅក្នុងរដ្ឋធម្មនុញ្ញ ៕