(កំពង់ធំ)៖ ប្រជាពលរដ្ឋភាគច្រើនរស់នៅ ក្នុងខេត្តកំពង់ធំ បាននាំគ្នាលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលនាំបាត់បង់នូវជីវចម្រុះ ដោយសារតែក្រុមឈ្មួញប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទ ហើយពួកគាត់បានជំរុញ និងចង់ឲ្យអភិបាលខេត្ត ព្រមទំាំងមន្រ្តីជំនាញកសិកម្ម ចុះបង្ក្រាបបទល្មើសទាំងនេះឲ្យខាងតែបាន។
បញ្ហាប្រឈមដែលត្រូវបាន ប្រជាពលរដ្ឋលើកឡើងនេះ ខណៈដែលលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ដឹកនាំក្រុមការងារចូលរួមធ្វើវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រង អភិរក្សធនធានជលផល និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានប្រជាជនចូលរួមប្រមាណ៤៥០នាក់ ក្នុងនោះមានស្រី១៥០នាក់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលធ្វើឲ្យបាត់បង់នូវជីវចម្រុះ ដោយការប្រើប្រាស់ឧបករណ៍ជាច្រើន ប្រភេទរួមមាន៖ ឆក់ត្រជាក់ ឆក់ក្ដៅ ឈ្នក់(ឆ្នុក) យាំងកាវ រុញស៊ីប អួនអូសគូ លូស្បៃមុង លបឡុក និងលបណរ៉ាវ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈនេះ បានសំណូមពរឲ្យលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដែលបង្កគ្រោះថ្នាក់ដល់ធនធានជលផលយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ ក៏បានបង្ហាញពីផលលំបាក ក្នុងការដោះស្រាយជីវភាព និងការខ្វះខាត នៅក្នុងជីវភាពរស់នៅរបស់ពួកគាត់ ក្នុងការផ្ដល់ថវិកាឲ្យកូនរៀនជំពាក់បបំណុលធនាគារ ហើយដែលនឹងត្រូវរឹបអូសផ្ទះ និងសម្ភាររបស់ពួកគាត់។
ជាមួយនេះដែរ ប្រជាពលរដ្ឋបានទទូចសូមឲ្យថ្នាក់ដឹកនាំ ជួយដោះស្រាយឲ្យប្រើឧបករណ៍លបឡុក និងលបណ-រ៉ាវ ប្រវែងពី២០០ ទៅ៣០០ម៉ែត្រ និង ក្រឡា២ហ៊ុន ព្រោះសំណើរបស់ពពូកគាត់ បានបញ្ជូនមកស្ថាប័នមានសមត្ថកិច្ចច្រើនលើក ច្រើនសាររួចមកហើយ រហូតមានការចុះមកសម្ភាសន៍ ជាមួយពួកគាត់ជាច្រើនសារហើយដែរ ប៉ុន្តែពុំមានដំណោះស្រាយឡើយ។
នៅពេលនោះ អង្គវេទិកាបានសម្រចមិនធ្វើការបង្រ្កាប និងរុះរើនូវការប្រើប្រាស់លបឡុក និងលបណរ៉ាវប្រវែងចាប់ពីក្រោម២០០ម៉ែត្រ និងក្រឡាបីហ៊ុន ដែលបានដាក់នៅទីតាំងដែលបានកំណត់ នៅក្នុងប្រកាសចាស់ និងមិនឲ្យកាប់ព្រៃលិចទឹកធ្វើគន្លងថ្មីទេ ដោយអនុវត្តប្រកាសចាស់ គឺឆ្ងាយពីច្រាំង៤គីឡូម៉េត្រ ឆ្ងាយពីតំបន់អភិរក្ស១គីឡូម៉ែត្រ ចាប់ពីចំណុចព្រែកតាដោកទៅព្រែកទ្វារតឹង ចុងអូរគន្លងលប ជ្រោយកោះតាបដោយប្រកបមុខរបរចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ជាបណ្ដោះអាសន្នសិន ដោយរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាល តាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក សុខ លូ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ចេះស្រឡាញ់ធនធានធម្មជាតិ រួមគ្នាគោរពច្បាប់លុបបំបាត់បទល្មើសនេសាទ និងជួយផ្តល់ព័ត៌មានការពិតដល់អាជ្ញាធរ ដើម្បីរកមុខអ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវមានស្មារតីនឹងនរកុំឲ្យជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន នាំឲ្យជួបនូវការវិនាស ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសសូមដកខ្លួនចេញ។ ចុងក្រោយ ប្រជាពលរដ្ឋ បានប្ដេជ្ញានឹងជួយទប់ស្កាត់បង្ក្រាបបទល្មើសនេសាទកុំឲ្យកើតឡើងទៀត។
ដោយឡែក នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ និងលោក អ៊ឹង ទ្រី បានបន្តដឹកនាំក្រុមការងារធ្វើវេទិកាសាធារណៈស្តីពីការគ្រប់គ្រង និងអភិរក្រធនធានជលផល និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រជាជនចូលរួមប្រមាណ ២០៩នាក់ ក្នុងនោះមានស្រី ៣៦ នាក់ ។
វេទិការនេះថ្នាក់ដឹកនាំ បានព្យាយាមពន្យល់ប្រជាពលរដ្ឋ ពីគោលបំណងកំណែទម្រង់ស៊ីជម្រៅវិស័យជលផល និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ជាពិសេសប្រជាជនឲ្យយល់កាន់តែច្បាស់ពីយុទ្ធនាការនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងស្តាប់ពីសំណូមពររបស់ប្រជាពលរដ្ឋ។
សំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ គឺសូមឲ្យបំបាត់ការប្រើប្រាស់ឧបករឆក់ត្រជាក់ ឆក់ក្ដៅ យាំងកាវ ឈិបរុញដោយប្រើកំលាំងម៉ាស៊ីន អួនអូស និងលូស្បៃមុងដែលឧបករណ៍បង្កគ្រោះថ្នាក់ដល់ធនធានជលផល។ ប្រជាពលរដ្ឋ ក៏សូមឲ្យថ្នាក់ដឹកនាំជួយដោះស្រាយ ឲ្យប្រើឧបករណ៍លបឡុក និងលបណ-រ៉ាវប្រវែងពី២០០ ទៅ ៣០០ ម៉ែត្រ និងក្រឡា២ ហ៊ុន ព្រោះសំណើរបស់ពពូកគាត់ បានបញ្ជូនមកស្ថាប័នមានសមត្ថកិច្ចច្រើនលើកច្រើនសាររួចមកហើយ ហើយក៏មានការចុះមកសម្ភាសន៍ ជាមួយពពួកគាត់ជាច្រើនសាររួចមកហើយ ប៉ុន្តែពុំមានដំណោះស្រាយឡើយ។
នៅពេលនោះ អង្គវេទិកាបានជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រុមមន្រ្តីបានសិក្សារួចហើយ ហើយកំពុងរៀបចំលើកជាសំណើជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។ ដូច្នេះសូមឲ្យប្រជាពលរដ្នអត់ធ្មត់បន្តិច ហើយក្រុមការងារក៏ បានសន្យាជួយជម្រុញការងារនេះ ឲ្យបានឆាប់ជាទីបំផុត៕