(អវកាស)៖ អាថ៌កំបាំងនៃមន្ទិលថាតើភពអង្គារនាពេលមួយកាលពីអតីតកាល ធ្លាប់មានខ្សែទឹកហូរកាត់នៅលើផ្ទៃដីរបស់វាដោយរបៀបណានោះ បច្ចុប្បន្នកំពុងតែមានភាពស៊ីជម្រៅទៅៗ ស្របពេលដែលការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា បរិយាកាលកាលកាលពីដំបូងរបស់ភពក្រហមមួយនេះ មានផ្ទុកបរិមាណនៃឧស្ម័នកាបូនឌីអុកស៊ីត (CO2) តិចជាងពីចំនួនដែលចាំបាច់សម្រាប់រក្សាឲ្យភពអង្គារមានភាពកក់ក្តៅគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទឹករក្សាវត្តមានបាន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Space នៅមុននេះបន្តិចនាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ទោះបីជាសព្វថ្ងៃនេះភពអង្គារមានសភាពត្រជាក់ និងស្ងួតហែងយ៉ាងណាក្តី វានៅតែមានភស្តុតាងរាប់ទសវត្សរ៍ចង្អុលបង្ហាញថា ស្រទាប់ផ្ទៃដីខាងលើបង្អស់របស់ភពក្រហមនេះ ធ្លាប់ត្រូវបានគ្របដណ្តប់ដោយដងទន្លេ ស្ទឹង ស្រះ បឹង និងសមុទ្រក៏ដូចជាមហាសមុទ្រផងដែរ។ ម៉្យាងវិញទៀតខ្សែបន្ទាត់តូចៗពណ៌ខ្មៅដែលត្រូវបានគេឃើញនៅលើភពអង្គារ ថែមទាំងបានផ្តល់ជាតំរុយថា ទឹកអាចប្រហែលជាអាចធ្លាប់ហូរឆ្លងកាត់នៅលើជម្រាលទាំងនោះទៀតផង។ ដោយសង្កេតឃើញជីវិតស្ទើរតែមាននៅគ្រប់ទីកន្លែង ដែលមានទឹកនៅលើផែនដីរបស់យើង ដូច្នេះលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីទាំងនេះ បានបង្កើននូវលទ្ធភាពដែលថា ភពអង្គារកាលពីមុនមកធ្លាប់ជាជម្រករបស់ភាវៈមានជីវិត និងប្រហែលជានៅតែផ្តល់អាចជម្រកបានដដែល។
លោក Thomas Bristow អ្នកវិទ្យាសាស្រ្តសិក្សាអំពីភពប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវអេម៉េស Ames នៃទីភ្នាក់ងារអវកាសណាសា (NASA) ដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក និងជាអ្នកនិពន្ធនាំមុខរបស់ការសិក្សាស្រាវជ្រាវថ្មីខាងលើបាននិយាយថា «បរិស្ថានរាវ ដែលធ្លាប់បានគ្របដណ្តប់លើផ្ទៃនៃក្រហូងថ្ម Gale Crater មើលទៅហាក់ដូចជាអាចធ្វើជម្រកដ៏សាកសមសម្រាប់អនុញ្ញាតឲ្យជីវិតក៏កើតបាន ពីព្រោះថាវាមិនក្តៅពេក មិនត្រជាក់ពេក មិនមានជាតិអាស៊ីត ឬមួយក៏បាសច្រើន ហើយទឹកទាំងនោះក៏ប្រហែលជាពុំមានផ្ទុកសារជាតិអំបិលខ្លាំងផងដែរ»។
អ្នកវិទ្យាសាស្រ្តជាច្រើនយល់ថា ភពអង្គារកាលពីបុរាណច្បាស់ជាមានភាពកក់ក្តៅជាងពេលបច្ចុប្បន្ន ទើបអាចឲ្យបរិស្ថានបែបនេះជម្នះមានវត្តមានបាន។ ទាក់ទងនឹងបញ្ហានេះ ការសិក្សាស្រាវជ្រាវពីមុនៗមកបានព្យាយាមស្វែងរកភស្តុតាងដែលបង្ហាញថា ភពអង្គារធ្លាប់មានផ្ទុកបរិមាណសមល្អមគ្រប់គ្រាន់នៃឧស្ម័នផ្ទះកញ្ចក់ ដូចជាកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសរបស់វា ដើម្បីរក្សាទុកកម្តៅដែលទទួលបានពីព្រះអាទិត្យ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើថ្មគ្រប់ប្រភេទ និងសណ្ឋានដែលបន្សល់ទុកដោយបឹងនិងទន្លេនៅលើផ្ទៃនៃក្រហូងដី Gale Crater កាលពីប្រមាណ៣.៥ពាន់លានឆ្នាំមុន ប៉ុន្តែពួកគេពុំបានប្រទះឃើញមានវត្តមានជាតិកាបូណាតនោះឡើយ ដែលប្រការនេះបានបង្ហាញថាកម្រិតបរិយាកាសនៃកាបូនឌីអុកស៊ីតនាពេលនោះ តិចជាងរាប់ម៉ឺនដងធៀបទៅនឹងបរិមាណ ដែលទាមទារដោយស្តង់ដាររបស់បរិយាកាស ដើម្បីផ្តល់កម្តៅគ្រប់គ្រាន់ដល់ភពអង្គារ ក្នុងការរក្សាទឹកនៅលើផ្ទៃដីរបស់វា។
ទោះជាបែបនេះក្តីសមាជិកក្រុមស្រាវជ្រាវខាងលើបានអះអាងថា ការរកឃើញខាងលើមិនបញ្ជាក់ថា ភពអង្គារកាលពីយូរលង់ពុំមានសំណើមឡើយ ពីព្រោះភស្តុតាងថ្មីទាំងអស់នោះនៅឯក្រហូង Gale Crater គឺមិនអាចប្រកែកបាននោះទេនៅក្នុងការបង្ហាញពីវត្តមានដ៏យូរអង្វែងនៃទឹកនៅលើផ្ទៃដីរបស់ភពអង្គារបុរាណ។
ការពន្យល់បកស្រាយមួយដែលអាចទៅរួចសម្រាប់របកគំហើញនេះគឺថាភពអង្គារ ពិតជាធ្លាប់មានផ្ទុកជាតិកាបូណាតនៅលើផ្ទៃដីរបស់វាមែន ប៉ុន្តែក្រោយមកត្រូវបានកម្ទេចចោលវិញ ប៉ុន្តែលោក Thomas Bristow បាននិយាយថា «ធម្មជាតិនៃសារធាតុរ៉ែនៅក្នុងគំរូតាងដែលយើងបានផ្តោតសំខាន់លើនោះ មិនផ្តល់ការគាំទ្រដល់ការសន្និដ្ឋាននេះឡើយ ដោយសារពួកវាពុំបានបង្ហាញសញ្ញាណាមួយ នៃការទទួលរងការវាយប្រហារដោយជាតិអាស៊ីតដែលអាចរំលាយជាតិកាបូណាតទាំងឡាយនៅទីនោះ កាលពីអតីតកាលនោះទេ»។
ដោយឡែករឿងដែលអាចទៅរួចមួយផ្សេងទៀត គឺថាភពអង្គារពីដំបូងឡើយត្រូវបានធ្វើឲ្យកក់ក្តៅ តាមរយៈឧស្ម័នផ្ទះកញ្ចក់ដទៃផ្សេងទៀតក្រៅពីកាបូនឌីអុកស៊ីត មានដូចជា ស្ពាន់ធ័រឌីអុកស៊ីត (Sulfur Dioxide) មេតាន (Methane) និង ឌីអាសូតម៉ូណូអុកស៊ីត (Nitrous Oxide)។ ប៉ុន្តែគុណវិបត្តិរបស់ឧស្ម័នទាំងនេះគឺមានភាពសកម្មខ្លាំង ដូច្នេះនៅពេលត្រូវបានដាក់ចូលទៅក្នុងបរិយាកាស ពួកវាមិនអាចរក្សាវត្តមានបានក្នុងរយៈពេលដ៏វែងឡើយ ដែលធ្វើឲ្យពេលវេលាកក់ក្តៅ ជំរុញដោយប្រភេទឧស្ម័នផ្ទះកញ្ចក់ទាំងនេះមានរយៈពេលខ្លីប៉ុណ្ណោះ។ ប្រការនេះមិនស្របទៅនឹងការអង្កេតរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវខាងលើ ពីក្រហូងដី Gale Crater ដែលភស្តុតាងមួយចំនួនបានបង្ហាញថា ជាកន្លែងសម្រាប់ទន្លេនិងបឹងជាច្រើនស្ថិតនៅអស់រយៈពេលរាប់សែន ឬមួយក៏រាប់លានឆ្នាំឯណោះ៕