កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឆ្មក់បង្ក្រាបទីតាំងជល់មាន់ ដកហូតបានម៉ូតូ២១គ្រឿង មាន់ជល់១០ក្បាល និងមនុស្ស៣នាក់
07-02-2017 17:15
(បន្ទាយមានជ័យ)៖ កម្លាំងអាវុធក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា បានចុះបង្ក្រាបករណីលួចបើកល្បែងជល់មាន់ខុសច្បាប់ នៅក្នុងព្រៃមួយកន្លែង នៅខាងក្រោយវត្តទួលប្រាសាទ ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុង។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធហត្ថបានឃាត់ជនពាក់ព័ន្ធចំនួន ៣នាក់ ម៉ូតូចំនួន២១គ្រឿង រថយន្ត១គ្រឿង និងមាន់ជល់១០ក្បាល និងសម្ភារៈមួយចំនួនធំ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងខាងលើនេះ ដុះស្លែរយូរណាស់មកហើយ ហាក់បីជាការបង្ក្រាបរបស់សមត្ថកិច្ច ទើបក្រោកពីដំណេក។ បច្ចុប្បន្នជនពាក់ព័ន្ធទាំងអស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់បញ្ជាការអាវុធហត្ថខេត្ត ចាត់ការតាមនីតិធីច្បាប់៕