(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះរួមមាន កម្លាំងនគរបាលអន្តោប្រវេសន៍ កម្លាំងគយ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត បានចាប់ខ្លួនស្រ្តីមេជួញដូរគ្រឿងញៀន ជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ នៅព្រលានហោះអន្តរជាតិភ្នំពេញ ដោយរឹបអូសថ្នាំញៀន ប្រភេទកាកូអ៊ីនជិត២គីឡូក្រាម។
មន្រ្តីនគរបាលអន្តោប្រវេសន៍ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការចាប់ខ្លួនស្រ្តីរូបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃម្សិលមិញ ដែលស្រ្តីមេក្លោងប្រើប្រាស់វិធីបង្កប់ ក្នុងឡេវអាវរបស់ខ្លួនដែលមានទម្ងន់១៧៩១,២៣ក្រាម។ ស្រ្តីសង្ស័យមានឈ្មោះ MEJIAS NEILIN COROMOTO អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 121100315។
បើតាមមន្រ្តីនគរបាលរូបនេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានយក ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ក្រាបចំពោះការលួចលាក់ នាំចូលគ្រឿងញៀនខុសច្បាប់ តាមបណ្ដាច្រកទ្វារអន្តរជាតិ។
ការបង្កើនសកម្មភាពយកចិត្តយទុកដាក់នាពេលនេះ បានធ្វើឡើងក្រោយពីរាជរដ្ឋាភិបាល បង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដែលមានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមអាកាសយានដ្ឋាន អន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី៕