(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីចេញផ្សាយព័ត៌មាន «យុវតីម្នាក់សុំថៅកែហាងលក់សាច់ឆ្កែឈប់ពីការងារ ហើយសុំបើកប្រាក់ខែមុន តែថៅកែមិនព្រម ក៏ដាច់ចិត្តលួចលុយ៣០ដុល្លារ ត្រូវចាប់ដាក់ខ្នោះបញ្ជូនឡើងតុលាការ ព្រោះគ្មានលទ្ធភាពសងលុយ១ពាន់ដុល្លារតាមការទាមទាររបស់ថៅកែ»នោះ នៅរសៀលថ្ងៃនេះ ត្រូវបានឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចេញមុខអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យយុវតីរូបនេះ ព្រោះវាជាទង្វើដែលមិនអាចទទួលយកបាន។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទូរស័ព្ទថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា «ខ្ញុំសុំចេញមុខទទួលខុសត្រូវ និងសងលុយលើរឿងនេះ វាយុត្តិធម៌ពេកហើយ ទោះបីត្រូវការមេធាវីការពារក្តីនៅតុលាការ ក៏ខ្ញុំត្រូវជួលមេធាវីឲ្យធ្វើដែរ ខ្ញុំស្អប់ខ្ពើមភាពអយុត្តិធម៌នេះណាស់»។
ការប្រតិកម្មភ្លាមៗដល់ថ្នាក់ដឹកនាំជាន់ខ្ពស់បែបនេះ ធ្វើឡើងបន្ទាប់ពីថៅកែហាងលក់សាច់ឆ្កែ ប្តឹងយុវតីម្នាក់ដាក់គុកព្រោះតែរឿងលុយ៣០ដុល្លារប៉ុណ្ណោះ។ ហាងលក់សាច់ឆ្កែដែលមានថៅកែចិត្តឃោឃៅនេះមានយីហោ «ស្រីពៅ៩៩» ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ យុវតីដែលត្រូវសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានម្តាយជាប្រជាពលរដ្ឋក្រីក្រ។
ម្តាយយុវតីម្នាក់នេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ថា កូនស្រីរបស់គាត់បានចូលបម្រើការងារក្នុងហាងស្រីពៅ៩៩ជិតមួយឆ្នាំ ហើយទើបមិនដែល មានបញ្ហាអីនោះទេ ទើបតែពេលនេះនាងក៏សម្រេចចិត្តសុំឈប់ពីការងារនេះ និងសុំថៅកែបើកប្រាក់ខែមុន តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ហើយក៏ដាច់ចិត្តលួចលុយចំនួន៣០ដុល្លារ គ្រាន់ទុកសម្រាប់ធ្វើជាសាហ៊ុយទៅស្រុកកំណើតវិញ។
បន្ទាប់ពីបានដឹងថា ខ្លួនបានបាត់ប្រាក់៣០ដុល្លារ ក៏ថៅកែហាងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ លុះនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ក៏តាមចាប់ខ្លួនបាន។
បន្ទាប់ពីឃាត់ខ្លួន យុវតីរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ហើយក្រុមគ្រួសារ បានធ្វើការទំនាក់ទំនងដោះស្រាយ តែខាងនគរបាលប៉ុស្តិ៍ តម្រូវឲ្យខាងក្រុមគ្រួសារបង់ថវិកាចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារ) ជូនទៅថៅកែហាងតាមការទាមទារ។ ដោយសារតែក្រុមគ្រួសាររបស់នាង ពុំមានលទ្ធភាពក្នុងការសងសំណងនេះ ខាងប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ក៏ចាប់បញ្ជួននាងបន្តទៅអធិការខណ្ឌឬស្សីកែវ រហូតចាប់បញ្ជូនទៅតុលាការតែម្តង។
ក្រោយបញ្ជួនដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ជាន់ទី២ ក្នុងបន្ទប់ព្រះរាជអាជ្ញារង ប៉ុន្តែត្រូវបានបញ្ជួនត្រឡប់មកអធិការ ខណ្ឌឬស្សីកែវវិញរង់ចាំបញ្ជូនបន្តទៅថ្ងៃស្អែកទៀត៕